រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​ពង្រីក​ផ្លូវជាតិ​លេខ៧​ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម​ ជា​ ៤គន្លង

0
រូបតំណាង

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ស្ពាន​ចិន​ (China​ Road​ And​ Bridge​ Corporation​) ចុះ​សិក្សា​លម្អិត​ពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៧​ ទៅជា​ផ្លូវ៤គន្លង​ ចាប់ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ នៃ​ខេត្ត​កំពង់ចាម​។

យោង​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ស៊ុយ​ សាន​  ផ្ញើ​ទៅកាន់​អភិបាលខេត្ត​កំពង់ចាម​ កាលពី​ខែសីហា​កន្លងទៅ​ បានឱ្យ​ដឹង​ថា​ កំណាត់ផ្លូវ​ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​ឆ្លើយតប​ជាមួយ​បរិមាណ​ចរាចរណ៍​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​អនុញ្ញាត​ឱ្យ​សាជីវកម្ម​ផ្លូវ​-ស្ពាន​ចិន​ សិក្សា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៧​ ទៅជា​ផ្លូវ៤គន្លង​ ចាប់ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ ដើម្បី​ត្រៀម​ដាក់​ចូល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ក្របខណ្ឌ​ឥណទាន​ពី​ប្រទេស​ចិន​ផែនការ​ ៥ឆ្នាំខាងមុខ​។

លិខិត​ដដែល​បន្ត​ថា​ ក្រសួង​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​លម្អិត​ផ្លូវ​នេះ​ គឺ​ក្នុង​គោលបំណង​ជំរុញ​គម្រោង​សាងសង់​ផ្លូវ​នេះ​ ឱ្យ​បាន​ទាន់​តាម​សភាពការណ៍​ ។ សាជីវកម្ម​ផ្លូវ​ស្ពាន​ចិន​ ត្រូវ​ចុះ​ធ្វើការ​សិក្សា​គម្រោង​ខាងលើ​ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ខែកញ្ញា​ ឆ្នាំ២០១៩នេះ​តទៅ​។ ​

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំ​ពាក្យ​សក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ការសិក្សា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៧ នេះ​ អាច​នឹង​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជិត​ ១ឆ្នាំ​ផង​ដែរ​ ។

ការសិក្សា​នេះ​ មិន​ត្រូវ​បាន​ប្រាប់​ពី​តួលេខ​ជាក់លាក់​លើ​ការ​ចំណាយ​ថវិកា​នោះ​ទេ​ ព្រោះ​ស្ថិតនៅ​ក្នុង​កំ​ណា​ក់​ការសិក្សា​ លុះត្រា​ចប់​សព្វគ្រប់​ ទើប​ដឹងពី​ទំហំ​នៃ​ការ​ចំណាយ​ទាំង​ការ​វិនិយោគ​លើ​ផ្លូវ​ដែល​ត្រូវ​ចំណាយ​ និង​ការសិក្សា​លើ​ផ្លូវ​មួយ​នេះ​ ។

លោក​បន្ត​ថា​ មាន​ក្រុមហ៊ុន​ចិន​បាន​ចុះ​សិក្សា​លើ​គម្រោង​ផ្លូវ​ជាច្រើន​កន្លែងនៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​មាន​ក្រុមហ៊ុន​មួយចំនួន​ មិន​លទ្ធភាព​ក្នុង​ការ​សង​សាង់​ដែរ​ ។ មកដល់ពេលនេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន២​ ប៉ុណ្ណោះ​ដែល​មានលទ្ធភាព​ក្នុង​ការ​សា​ងស់​ផ្លូវ​រួមមាន​ ក្រុមហ៊ុន​ Shanghai​ Group​ ​និង​ ក្រុមហ៊ុន​ China​ Road​ And​ Bridge​ Corporation​ ដែល​បាន​សាងសង់​ផ្លូវ​ស្ពាន​ជាច្រើន​ខ្សែរ​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ មាន​លុយ​ ហើយ​ងាយស្រួល​ជាង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​ទាំង​ការសិក្សា​ និង​សាងសង់​ផ្លូវ​។

បើ​តាម​លោក​ វ៉ា​ ស៊ី​មសូរី​យា​ បញ្ជាក់​ថា​ ផ្លូវជាតិ​លេខ​ ៧ នេះ​ មាន​ប្រវែង​ប្រមាណ៥០០​ គីឡូម៉ែត្រ​រាប់​ចាប់ពី​ ស្គន់​ក្រុង​កំពុង​ចាម​ ដល់​ ព្រំដែន​ឡាវ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here