ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹកមិញនេះ គណៈប្រតិភូតំណាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជាសរុបចំនួន៤១នាក់ បានទៅដល់ប្រទេសជប៉ុនហើយក្រោមការដឹកនាំដោយប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីសក្ដានុពលទីផ្សារអចលនទ្រព្យ និងកៀងគរក្រុមអ្នកវិនិយោគអន្តរជាតិចូលមកកាន់កម្ពុជាបន្ថែមទៀត ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីយប់មិញនេះ បានដឹកនាំប្រតិភូ និងសមាជិកសមាគមសរុប ៤១នាក់ ទៅចូលរួមកិច្ចប្រជុំអចលនទ្រព្យអន្ដរជាតិ IREC ឆ្នាំ២០១៩ នៅប្រទេសជប៉ុន ដែលចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ។មុនចាកចេញពីព្រលានយន្តហោះភ្នំពេញ – អន្តរជាតិ ប្រធានសមាគម CVEA បានចាត់ទុកថាការចូលរួមនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នករកស៊ីវិស័យ អចលនទ្រព្យកម្ពុជា ដែលត្រូវរៀនសូត្រពីបណ្ដាប្រទេសរីកចម្រើនលើពិភពលោក ពិសេសម្ចាស់ផ្ទះជប៉ុន ។
-->
លើសពីនេះ លោកក៏បានត្រៀម នូវប្រធានបទសំខាន់ៗ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលក្នុងប្រទេសកម្ពុជា ដើម្បីកៀងគរអ្នកវិនិយោគបរទេសផងដែរ ។លោក ច្រឹក សុខនីម បានបញ្ជាក់ថា “នេះគឺជាឱកាសដ៏ល្អ ដើម្បីទាក់ទាញការវិនិយោគបរទេសមកកាន់កម្ពុជា និងពីកម្ពុជាទៅតាមប្រទេសក្នុងតំបន់អាស៊ាន”។
លោកបានបន្តទៀតថា “ខ្ញុំបានត្រៀមធ្វើបទបង្ហាញ ដោយលើកយកចំណុចសំខាន់ៗមួយចំនួន ពិសេសផ្ដោតលើប្រទេសកម្ពុជា ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា ដើម្បីឱ្យអ្នកវិនិយោគបរទេសបានយល់ និងស្គាល់ច្បាស់ពីប្រទេសកម្ពុជា”។
ជាមួយនឹងមហាព្រឹត្តិការណ៍ស្ដីអំពីទីផ្សារអចលនទ្រព្យជាសាកល និងការវិនិយោគនេះ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា “ IREC ឬ International Real Estate Conference គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយ និងផ្លាស់ប្ដូរចំណេះដឹងផ្នែកអចលនទ្រព្យ រវាងអ្នកជំនួញវិស័យអចលនទ្រព្យ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងអនាគត នៃទីផ្សារអចលនទ្រព្យ តាមប្រទេសនីមួយៗ” ។
លោកបានបញ្ជាក់ថា “ IREC ជាផ្នែកមួយដ៏សំខាន់របស់សមាគមអចលនទ្រព្យពិភពលោក National Association of Realtors ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយបានផ្ដោតសំខាន់ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ាន”។
វត្តមានរបស់មហាព្រឹត្តិការណ៍ IREC បានធ្វើឱ្យប្រទេសដែលមានឱកាសរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ ទទួលបានឱកាស និងភាពល្អប្រសើរជាច្រើន ទាំងវិស័យអចលនទ្រព្យនៅក្នុងប្រទេស ទាំងវិស័យសេដ្ឋកិច្ច រហូតធ្វើឱ្យបណ្តាប្រទេសនានាជាសមាជិកធ្វើការប្រកួតប្រជែង និងដាក់ពាក្យស្នើសុំជាច្រើនឆ្នាំ ទោបអាចមានឱកាស។
ដោយមើលឃើញពីភាពល្អប្រសើរខាងលើនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានបង្ហើបប្រាប់ពីគម្រោងរបស់ខ្លួនក្នុងនាមជាអ្នកតំណាងកម្ពុជាបានត្រៀមខ្លួនប្រកួតប្រជែងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអចលនទ្រព្យអន្ដរជាតិនេះនៅថ្ងៃអនាគត៕


