ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យសំណង់ ដែលផ្តោតលើផ្នែកលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០១៨ រហូតមកគេសង្កេតឃើញថា មានសកម្មភាពយ៉ាងខ្លាំង ដើម្បីឆ្លើយតបនិងផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានភាពល្អប្រសើរ ដែលអនុគ្រោះដល់ចំណូលរបស់ប្រជាជនក្នុងស្រុក។
យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលកន្លងទៅនេះបានបង្ហាញថា គិតត្រឹមរយៈពេល៧ខែដើមឆ្នាំ២០១៩ វិស័យសំណង់នៅកម្ពុជា មានគម្រោងសរុបចំនួន៥២៥នៅទូទាំងប្រទេស ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណ១១៧៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះវិស័យសំណង់ផ្នែកលំនៅដ្ឋានមានការកើនឡើងខ្ពស់ ជាពិសេសលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។
-->
អគ្គនាយកក្រុមហ៊ុន R Investment Group លោកឧកញ៉ាតេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២ កញ្ញាកន្លងមកថា មិនថាចំពោះតែក្រុមហ៊ុនអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍនោះទេ នៅពេលដែលគេសម្លឹងឃើញទីផ្សារមានតម្រូវការខ្ពស់ គឺគេត្រូវតែងាកទៅរកគោលដៅជាក់ជាមិនខាន។
លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៨ ជាពិសេស ដើមឆ្នាំ២០១៩សកម្មភាពនៃការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដើម្បីផ្គត់ផ្គង់ចំណែកទីផ្សារ គឺមានសកម្មភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមតំបន់ជាយក្រុង។
លោកបានបន្តទៀតថា “ការកើនឡើងនូវចំនួនផ្គត់ផ្គង់ទាំងនេះ ក៏ព្រោះតែមានភាពអំណោយផលពីវិស័យសេដ្ឋកិច្ចកម្ពុជា ដែលអាចបន្តរក្សាបានភាពវិជ្ជមាន ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានចំណូលល្អប្រសើរជាងមុន និងអាចមានលទ្ធភាពទិញលំនៅដ្ឋានផ្ទាល់ខ្លួន”។
លោកបន្តទៀតថា “កាលពីមុនប្រជាជនដែលរស់នៅ និងធ្វើការនៅតំបន់ក្រុង រកបានចំណូលត្រឹមតែមួយចម្អែតតែប៉ុណ្ណោះ ប៉ុន្តែពេលនេះមិនដូចគ្នានោះឡើយ ខណៈដែលកម្ពុជាមានការអភិវឌ្ឍ សេដ្ឋកិច្ចមានការកើនឡើង ដែលធ្វើឱ្យប្រជាជនអាចមានលទ្ធភាពល្អជាងមុន”។
លោកតេង រិទ្ឋីបានបន្តទៀតថា ពេលនេះការទិញលក់លំនៅដ្ឋានមានភាពងាយស្រួលជាងមុន ដែលក្រៅពីប្រជាពលរដ្ឋអាចមានចំណូលគួរសម ពួកគាត់ថែមទាំងមានភាពងាយស្រួលក្នុងការទិញលំនៅដ្ឋាន ដោយការបង់រំលោះក្រោមកម្ចីពីធនាគារ។ ភាពល្អប្រសើរនៃទីផ្សារទាំងអស់នេះហើយ ដែលជម្រុញឱ្យអ្នកវិនិយោគ និងអ្នកអភិវឌ្ឍងាកទៅចាប់យកវិស័យមួយនេះធ្វើជាគោលដៅរបស់ខ្លួន។
អនុប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា លោកបណ្ឌិត តាន់ មុនីវណ្ណ បានទទួលស្គាល់ទៅលើទំនោរ នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាន ក្នុងស្រុករបស់អ្នកអភិវឌ្ឍភាគច្រើនងាកមកាន់ទីផ្សារតម្លៃមធ្យម ប៉ុន្តែលោកមិនបានបញ្ជាក់ពីស្ថេរភាពនៃវិស័យនេះនោះទេ។
លោកបណ្ឌិតបន្តថា “បើយើងនិយាយពីស្ថានភាពទីផ្សារអ្វីមួយ ទាល់តែមានទិន្នន័យគោលដើម្បីលើកយកមកធ្វើជាសំអាងក្នុងប៉ាន់ស្មាន”។ លោកបន្តទៀតថា “ការវិនិយោគធំៗភាគច្រើន តែងរំពឹងទៅលើលំហូរទុនចូលមកពីក្រៅស្រុកច្រើនជាង ដូច្នេះវាអាស្រ័យទៅនឹងលំហូរនៃទុនទាំងនោះ”។
លោកបណ្ឌិតតាន់់ មុនីវណ្ណបានបន្តទៀតថា ការអភិវឌ្ឍវិស័យលំនៅដ្ឋានគឺពាក់ព័ន្ធសំខាន់ទៅលើតម្លៃថ្លៃដើមនៃដីដើម្បីសាងសង់។ មួយរយៈពេលមុននេះយើងឃើញថាលំហូរនៃទុនមកពីក្រៅស្រុក បានចាក់មកកាន់កម្ពុជាច្រើន ដើម្បីធ្វើការអភិវឌ្ឍវិស័យសំណង់ ដែលជំរុញឱ្យតម្លៃដីឡើងថ្លៃ។ ដូច្នេះប្រសិនបើទុនមកពីបរទេសត្រូវបានកាត់បន្ថយ នោះក៏វានឹងប៉ះពាល់ដល់ការវិនិយោគក្នុងស្រុកដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ដោយសារតែការសន្ទុះនៃការអភិវឌ្ឍលើវិស័យលំនៅដ្ឋានមានការកើនឡើងខ្លាំងយ៉ាងគំហុក រហូតមកដល់ពេលតូលេខនៃចំនួនពិតប្រាកដនៅទូទាំងប្រទេសហាក់មិនទាន់បានកំណត់ច្បាស់នៅឡើយ ដោយសារតែអ្នកអភិវឌ្ឍមួយចំនួនតូច មិនបានចូករួមជាមួយសមាគម និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យមួយនេះនោះឡើយ។ ជាមួយគ្នានេះលោកក៏បានលើកទឹកចិត្ត ដល់បណ្តាអ្នកអភិវឌ្ឍក្នុងវិស័យមួយនេះគួរចូលរួមទាំងអស់គ្នា ដើម្បីរក្សាភាពល្អប្រសើរឱ្យបានយូរអង្វែង៕