ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រទេសកម្ពុជា និងម៉ាឡេស៊ី តាមរយៈក្រសួងទេសចរណ៍នៃប្រទេសទាំង២ បានធ្វើការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតមហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោង ខុន និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី បានចុះហត្ថលេខារួមគ្នា ដើម្បីបង្កើនសហប្រតិបត្តិការ ជំរុញដល់កំណើនវិស័យទេសចរណ៍នៃប្រទេសទាំង២។
-->
នៅក្នុងកិច្ចព្រមព្រៀង និងខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាខាងលើនេះបានផ្តោតសំខាន់ទៅលើចំណុចជាច្រើនដូចជា • ការស្រាវជ្រាវ និងអភិវឌ្ឍន៍• ការបណ្ដុះបណ្ដាលធនធានមនុស្ស• ការផ្សព្វផ្សាយ និងការឃោសនា• សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម។• ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ និង• ការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,២លាននាក់ កើន១០,៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង២០ម៉ឺននាក់ កើន១២,២%។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង១១.២% ក្នុងនោះទេសចរជាតិម៉ាឡេស៊ី មានចំនួនជាង៩ម៉ឺននាក់ កើន ៧%។
ដោយឡែកប្រជាជនកម្ពុជា បានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើន ម៉ឺននាក់ផងដែរ។
បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន៥៨ជើងក្នុងមួយសប្តាហ៍ ពីប្រទេសម៉ាឡេស៊ី មកព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួន៧ជើង ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបមានចំនួន១១ជើងក្នុងសប្តាហ៍ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញមានចំនួន៤០ជើងក្នុងមួយសប្តាហ៍៕