ដោយគង់ សូរិយា
ភ្នំពេញៈ ដោយទទួលបានជោគជ័យក្នុងការលក់ដំណាក់កាលទី១ ក្រុមហ៊ុនលី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.កបានបើកដំណើរការលក់ “បុរីវិមានភ្នំពេញមង្គលរតនៈ” ដំណាក់កាលទី២ ជាប្រភេទផ្ទះវីឡាកូនកាត់ដ៏ប្រណីត ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ 8%ភាគរយ។
លោកស្រីឆាយ ស៊ីណាប្រធានផ្នែកលក់និងទីផ្សារ នៃបុរីវិមានភ្នំពេញមង្គលរតនៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ កញ្ញានេះថា ដោយទទួលបានការគាំទ្រពីអតិថិជន លើការលក់ដំណាក់កាលទី១ប្រមាណ៩០ភាគរយ ពេលនេះក្រុមហ៊ុនបានប្រកាសលក់គម្រោងដំណាក់កាលទី២ ដែលមានផ្ទះចំនួន៥០០យូនីតជាប្រភេទវីឡាកូនកាត់។
លោកស្រីបន្តថា “គម្រោងនេះស្ថិតនៅទីតាំងដ៏ល្អប្រសើរ ព្រោះទីតាំងជាប់នឹងផ្សារព្រែកអញ្ចាញ ដែលជាតំបន់ពាណិជ្ជកម្មរស់រវើកមួយ ហើយមានចម្ងាយជិតរាជធានីភ្នំពេញ និងស្តាតមរតកសម្តេចតេជោ ដែលជាតំបន់មានការរីកចម្រើនយ៉ាងលឿន នាពេលបច្ចុប្បន្ននេះ”។
គំរោងនេះមានផ្ទៃដី៣០ហិកតា ដែលជាបណ្តុំនូវផ្ទះអាជីវកម្ម សាលរៀបចំអាពាហ៍ពិពាហ៍ ក្លឹបកីឡា សួនច្បារ តំបន់ផ្លូវថ្មើជើង និងសេវាកម្មជាច្រើនទៀត។
លោកស្រីឆាយ ស៊ីណាបានបន្តថា ផ្ទះក្នុងគំរោងនេះលក់ក្នុងតម្លៃចាប់ពី47,000 ដុល្លាអាមេរិកឡើងទៅ ដែលតម្លៃផ្ទះនិមួយៗមានភាពខុសគ្នាអាស្រ័យលើប្រភេទផ្ទះ និងទីតាំងនិមួយៗ។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនលី ហួរ គ្រុប បាននិងកំពុងឆ្ពោះទៅកាន់តំបន់នេះ តាមរយៈការវិនិយោគបុរីវិមានភ្នំពេញមង្គលរតនៈ ដើម្បីប្រែក្លាយតំបន់នេះក្លាយជាសហគមន៍ដ៏ស៊ីវិល័យមួយ។លោកឧកញ៉ាបានមានប្រសាសន៍ថា តំបន់នេះនឹងមានការរីកចម្រើនលឿន ពិសេសបុរីវិមានភ្នំពេញមង្គលរតនៈ នឹងធ្វើឲ្យតំបន់នេះមានរបៀបរៀបរយ និងមានសួនច្បារ កន្លែងហាត់ប្រាណ និងមានផ្លូវថ្មើជើង ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានរបៀបរៀបរយ និងស៊ីវិល័យមួយ។
លោកបន្តថា “វានឹងក្លាយជាទីប្រជុំជន ដែលបង្ហាញពីការរីកចម្រើនមួយនៅតំបន់នេះនាពេលអនាគតឆាប់ៗនេះ”។
លោកស្រីឆាយ ស៊ីណា បាន មានប្រសាសន៍ឲ្យដឹងថា គំរោងនេះនឹងក្លាយជាសហគមន៍ធំមួយនៅតំបន់នេះ ដោយសារតំបន់នេះជាទីប្រជុំជនស្រាប់ និងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មកកាន់ក្រុងភ្នំពេញមាន ភាពងាយស្រួល ដែលបានធ្វើឲ្យអ្នកវិនិយោគជាច្រើន បានមកសាងសង់បុរីនៅតំបន់នេះ ព្រោះនាពេលអនាគតតំបន់នេះនឹងមានភាពរីកចម្រើនលឿន និងកាន់តែរសរវើក។
អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia ធ្លាប់បានមានប្រសាសន៍ថា ដោយសារមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានលក្ខខ័ណ្ឌអាកាសធាតុអំណោយផល បានធ្វើឲ្យមានការវិនិយោគលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មកាន់ តែច្រើននៅតំបន់នេះ ដែលធ្វើឲ្យតំបន់នេះនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត។
អ្នកនាងបន្តថា “បច្ចុប្បន្នទាំងអ្នកវិនិយោគក្នុងស្រុក ពិសេសអ្នកវិនិយោគចិនបាននិងកំពុង វិនិយោគ និងកំពុងស្វែងរកឳកាសវិនិយោគនៅតំបន់នេះផងដែរ”។
អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៥ ៧៥ ៦៦៦៦, ០៧៧ ៦៦ ៧៦ ០៨៕










