វិស័យឧស្សាហកម្មផ្តល់ចំណូលជាង ៣០លានដុល្លារក្នុងមួយខែដល់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ

0

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ វិស័យឧស្សាហកម្មបានដើរតួយ៉ាងសំខាន់ ក្នុងការជួយពង្រឹងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ ជាក់ស្ដែងនៅក្នុងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះ វិស័យឧស្សាហកម្ម បានផ្តល់ចំណូលដល់ពលរដ្ឋ ក្នុងតំបន់ជាង៣០លានដុល្លារក្នុងមួយខែតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋជាង១២ម៉ឺននាក់។

ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល បច្ចុប្បន្ននេះវិស័យឧស្សាហកម្ម បាន និងកំពុងតែដើរឈានមុខគេនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានរោងចក្រ សហគ្រាសសរុបចំនួន២៦១គម្រោង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅប្រមាណជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះថា នៅក្នុងឆ្នាំ២០១៩ កំណើននៃចំនួនរោងចក្រ សហគ្រាសជាច្រើនបានចូលមកកាន់តែច្រើន ជាពិសេសផ្នែកខាងរោងចក្រកាត់ដេរ រោចក្រស្បែកជើង និងរោងចក្រកាបូប។ លោកបន្តទៀតថា “នៅក្នុងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្នទាំងរោងចក្រកាត់ដេរ សហគ្រាសខ្នាតតូច និងមធ្យមសរុបមានចំនួន២៦១គម្រោង ដោយក្នុងនោះកំពុងតែដំណើរការសង្វាក់ផលិតកម្មមានចំនួន១៦១ ហើយគម្រោងចំនួន១០០ទៀតកំពុងតែដើរតាមនីតិវិធី និងត្រៀមដំណើរការក្នុងពេលខាងមុខនេះ។

លោកបានបន្តទៀតថា “ជាមួយនឹងដំណើរការផលិតកម្ម របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រផលិតសម្ភារៈសំណង់ រួមជាមួយនឹងបណ្តាសហគ្រាសនានាទាំងអស់នេះបានផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជាចំណាកមកពីបណ្តាខេត្តដទៃទៀតប្រមាណជាង១២ម៉ឺនលានរៀល ស្មើនឹងប្រមាណជាង៣០លានដុល្លារ តាមរយៈការផ្តល់ឱកាសការងារជាប្រចាំខែ”។

ជាមួយនឹងការទទួលបានលទ្ធផលវិជ្ជមាន ក្នុងវិស័យឧស្សាហកម្មមួយនេះ លោក វ៉ី សំណាង បានបង្ហើបទៀតថា នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ វត្តមានរោងចក្រ និងសហគ្រាសជាច្រើនកន្លែងទៀត នឹងចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មរសប់ខ្លួន ខណៈដែលពេលនេះ គម្រោងមួយចំនួនកំពុងឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃពីបញ្ហាប៉ះពាល់ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដោយឡែកកាលពីដើមសប្ដាហ៍កន្លងទៅនេះ គម្រោងសាងសង់រោងចក្រចំនួន២បន្ថែមទៀតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តចុះបញ្ជីផ្តល់អជ្ញាប័ណ្ណឱ្យរៀបចំដំណើរការ ដែលក្នុងនោះមួយជាប្រភេទរោងចក្រផលិតអំពូលអគ្គិសនីគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៣,២លានដុល្លារ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុន SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD អាចបង្កើតឱកាសការងារបានចំនួន១៧៩កន្លែង។

រោងចក្រថ្មីមួយទៀត វិនិយោគដោយក្រុមហ៊ុន CUI ZHEN YUAN FOOD CO., LTD ដើម្បីកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៧៧កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here