ដោយ រ៉ាណេត
កូរ៉េខាងត្បូងៈ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានលើកកិច្ចប្រជុំទ្វេរភាគី ដើម្បីរកវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើវិស័យអាកាសចរណ៍ស៊ីវិលឱ្យកាន់តែមានភាពរឹងមាំ និងល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធសកល កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានវត្តមានចូលរួមផងដែរពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមប្រជុំទ្វេភាគី ជាមួយ លោកផាក ស៊ុនហូ អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាកាសចរស៊ីវិល។
-->
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងអំពីភាពរីកចម្រើននៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលើកបង្ហាញអំពីកត្តាប្រឈមមួយចំនួន ដែលតម្រូវឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ខិតខំប្រឹងប្រែងបន្ថែមទៀត តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដកស្រង់បទពិសោធន៍ល្អៗ ពីសាធារណរដ្ឋកូរ៉េ ជាពិសេសស្របពេលដែលវិស័យអាកាសចរស៊ីវិលកូរ៉េ កំពុងតែមានការរីកចម្រើនជាលំដាប់ប្រកបដោយនិរន្តរភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកក៏បានស្នើសុំការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េលើសំណើសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធនឹងវិស័យអាកាសចរស៊ីវិលកម្ពុជាដូចជា ទី១ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពគ្រូបង្គោលបន្ថែមទៀត របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបង្រៀន តាំងពីឆ្នាំ២០១៧ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
ទី២. ជំនួយបច្ចេកទេស លើការដាក់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ សម្រាប់ការគ្រប់គ្រង តាមដាន សុវត្ថិភាពអាកាសចរស៊ីវិល និង ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុវត្ថិភាពអាកាសចរណ៍ (Safety Oversight Management and Safety Management Information System)។ ទី៣ ជំរុញនិងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើនការហោះហើររវាងប្រទេសទាំងពីរ ដោយអង្កេតឃើញថា ភ្ញៀវទេសចរណ៍ពីកូរ៉េ ទៅទស្សនាប្រទេសកម្ពុជាមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបជាមួយភ្ញៀវទេសចរណ៍ ពីបណ្តាប្រទេសផ្សេងៗទៀត។

លោកផាក ស៊ុនហូ អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានលើកឡើងថា កម្ពុជា កូរ៉េ ជាប្រទេសដែលមានកិច្ចសហការល្អជាមួយគ្នាជាយូរមកហើយ ទាំងវិស័យកាទូត និងវិស័យពាណិជ្ជកម្ម ។ ជាមួយគ្នានេះ លោកក៏បានទទួលយកសំណើរ ដើម្បីដាក់ជូនក្រុមមន្ត្រីជំនាញដែលពាក់ព័ន្ធ ក៏ដូចជាប្រមុខថ្នាក់ដឹកនាំដើម្បីឈានដល់ការសម្រេចរួម៕