រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​រៀបចំ​ផ្លូវ​ថ្មើរជើង​ចាប់ពី​ក្រសួង​ប្រៃសណីយ៍​ដល់​មុខ​ព្រះបរមរាជវាំង

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​ រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​ ) នៅ​តាម​បណ្ដោយ​ទន្លេ​ចតុមុខ​ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ រហូតដល់​មុខ​ព្រះបរមរាជវាំង​ ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ​ សង្កាត់​ផ្សារកណ្ដាល​ទី១​ សង្កាត់​ផ្សារកណ្ដាល​ទី២​ និង​សង្កាត់​ជ័យជម្នះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

លោក​ ឃួង​ ស្រេង​ អភិបាលក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​ ៥ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ដឹកនាំ​ប្រជុំ​គណៈកម្មការ​រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​) ដើម្បី​អនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ​ ( Walk​ Street​ ) ឱ្យ​ចេញ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​បន្ថែម​ទៀត​ សម្រាប់​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេស​តំបន់​មាត់ទន្លេ​ និង​ព្រះបរមរាជវាំង​។

លោក​ ឃួង​ ស្រេង​បញ្ជាក់​ថា​ គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយ​ដើរ​ស្រូប​យកខ្យល់អាកាស​ល្អ​បរិសុទ្ធ​និង​ទស្សនា​ទេសភាព​ទន្លេ៤មុខ​ដ៏​ស្រស់​ត្រកាល​ដោយ​គ្មាន​ប្រទេស​ណា​មាន​ដូច​។

លោក​អភិបាល​បាន​ក៏​ណែនាំ​ដល់​ក្រុមការងារ​អោយ​សិក្សា​ពី​ពេលវេលា​ ប្រព័ន្ធ​បញ្ជៀស​ចរាចរណ៍​ និង​កន្លែង​ចំណត​យានយន្ត​អោយ​បាន​ត្រឹមត្រូវ​ ដើម្បីអោយ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មីនេះ​ បាន​ដំណើរការ​ដោយ​រលូន​ គ្មាន​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​។

លោក​អភិបាល​រូប​នេះ​ មិនបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​នៅពេល​ណា​ និង​ផ្លូវ​នេះ​ មាន​ទំហំប៉ុន្មាន​ម៉ែត្រ​នោះ​ទេ​ ។ តែ​យ៉ាងណាក៏ដោយ​ លោក​ថា​ រៀបចំ​ផ្លូវ​ថ្មើរជើង​ ( Walk​ Street​ ) នៅ​តំបន់​នេះ​ ពិតជា​មាន​សារៈ​ខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ និង​ទេសចរណ៍​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​ ហើយក៏​ជា​តំបន់​ប្រមូល​ប្តុំ​ដោយ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ។

ម្យ៉ាងទៀត​វា​នឹង​ជួយ​សម្រួល​ដល់​ចរណ៍​នៅក្នុង​ក្រុង​ដែល​មាន​ភាព​មមាញឹក​ និង​កាន់​តបន្ថយ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗនៅក្នុង​រាជធានី​ភ្នំពេញ​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ កន្លងមក​នេះ​ បាន​សាងសង់​ ផ្លូវ​ថ្មើរជើង​ ជាច្រើន​ខ្សែរ​ជាពិសេស​ផ្លូវ​ថ្មើ​ជើង​ប្រប​មាត់ទន្លេ​ចាប់ពី​សាលសន្និសីទ​ចតុមុខ​ រហូតដល់​ស្ពាន​ព្រះមុនីវង្ស​ (ក្បាលថ្នល់​) សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ និង​ហាត់ប្រាណ​។

គម្រោង​ផ្លូវ​ថ្មើ​ជើង​ប្រប​មាត់ទន្លេ​នេះ​ ត្រូវ​ធ្វើឡើង​ជា២ដំណាក់កាល​ គឺ​ដំណាក់កាល​ជំហាន​ទី១​ មាន​ប្រវែង៩៥០ម៉ែត្រ​ ចាប់ពី​ខាងមុខ​សាល​ចតុមុខ​ រហូតដល់​ស្ពាន​កោះ​ពេជ្រ​ ត្រូវ​បាន​សាងសង់​រួចរាល់​ និង​ដាក់​ឱ្យ​ដំណើរការ​ និង​គម្រោង​ដំណាក់កាល​ទី២ទៀត​ គឺ​ផ្លូវ​ថ្មើ​ជើង​បន្ត​ពី​ស្ពាន​កោះ​ពេជ្រ​ ដល់​ស្ពាន​ព្រះមុនីវង្ស​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​។

គម្រោង​ផ្លូវ​សម្រាប់​ដើរ​នៅក្នុង​រាជ​ធា​នី​ភ្នំ​ពញ​គ្រោង​សាងសង់​មាន​ទទឹង​ចាប់ពី៦ម៉ែត្រ​ ទៅ១៥ម៉ែត្រ​ ដើម្បី​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​ផ្តល់​ភាព​ងាយស្រួល​ សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ទៅ​កម្សាន្ត​ ហាត់ប្រាណ​តាម​មាត់ទន្លេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here