ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​បន្ត​កំនើន​ ខណៈ​ដែល​បណ្តា​ប្រទេស​នានា​កំពុង​ជាប់​គាំង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្ទុយ​ស្រឡះ​ពី​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ដែល​កំពុងតែ​ជួប​សភាព​ទ្រឹង​ទៅលើ​វិស័យ​នៃ​ការជួល​អគារ​ការិយាល័យ​ ក្នុង​កំណើន​គិតជា​មធ្យម ០.៩ភាគរយ​ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ សម្រាប់​ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅតែ​មាន​សញ្ញា​ល្អ​ ដែល​អាច​រក្សា​ភាពរឹងមាំ​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​។

មានការ​លើកឡើង​ស្រដៀងគ្នា​ថា​ ចំពោះ​វិស័យ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​លើ​ទីផ្សារ​កម្ពុជា​គិត​ត្រឹម​ចុងឆ្នាំ២០១៩​នេះ​ នៅតែ​អាច​រក្សា​បាន​ភាពរឹងមាំ​ដដែល​ដោយ​មិនទាន់​មាន​សញ្ញា​បង្ហាញ​ពី​ក្ដី​បារម្ភ​នោះ​ឡើយ​ បើ​ទោះជា​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ស្ថិត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុងតែ​ជួប​ភាព​ប្រឈម​ ស្ថិតនៅ​ក្នុង​សភាព​ទ្រឹង​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​បង្ហាញថា​ ទំហំ​នៃ​ការិយាល័យ​សម្រាប់​នៅ​កម្ពុជា​ នៅ​ត្រឹម​ឆមាស​ទី១ឆ្នាំ២០១៨​ មាន​ទំហំ៣២០​, ៩០០ម៉ែត្រការ៉េ​ និង​បាន​បន្ត​ឡើង​ដល់​ចំនួន៣៤០​,១០០​ ម៉ែត្រការ៉េ​នៅ​ចុងឆ្នាំ២០១៨​។ ដោយឡែក​នៅ​ត្រឹម​ចុង​ឆមាស​ទី១ឆ្នាំ២១០៩​ កំណើន​នៃ​ទំហំ​ផ្គត់ផ្គង់​ការិយាល័យ​មាន​ចំនួន​ ៣៥៩​,៣០០​ ម៉ែត្រការ៉េ​។

អ្នកជំនាញ​ស្រាវជ្រាវ​ជាន់ខ្ពស់​ ផ្នែក​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៥​ កញ្ញា​នេះ​ថា​ សម្រាប់​តែ​ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​ មិនថា​ពេលនេះ​ ឬរហូតដល់​ដំណាច់ឆ្នាំ២០១៩នោះ​ទេ​ គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “តាម​ការសិក្សា​បាន​បញ្ជាក់​ថា​ សកម្មភាព​នៃ​តម្រូវការ​ជួល​ការិយាល័យ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ភាពរឹងមាំ​ដដែល​ ខុសពី​វិស័យ​ផ្សេងទៀត​”។ កញ្ញា​បាន​បញ្ជាក់​ថា​ “ការជួល​ការិយាល័យ​ ខុសពី​ការជួល​ផ្ទះ​សម្រាប់​ស្នាក់នៅ​ ឬជា​អគារ​សម្រាប់​បើក​ប្រកប​អាជីវកម្ម​ ដែល​សុទ្ធតែ​អាច​ជួល​ក្នុងរយៈពេល​ខ្លី​នោះ​ឡើយ​”។

​កញ្ញា​បាន​បន្ត​ទៀត​ថា​ សម្រាប់​ឆ្នាំ២០១៩នេះ​ កាន់តែ​មាន​ភាពល្អ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​ ខណៈ​ដែល​តម្រូវការ​នៃ​ការជួល​នៅ​មាន​ចំនួន​ច្រើន​ ហើយ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​ការ​ខ្វះខាត​នេះ​អាច​បន្ត​រហូតដល់​ចុងឆ្នាំ២០២០​-២០២២​ ។ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ នៅពេល​ដែល​មានការ​ផ្គត់ផ្គង់​ថ្មី​បន្ថែម​ទៀត​ ចូលមកធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​ជាមួយគ្នា​”។

យោង​តាម​របាយការណ៍​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ Knight​ Frank​ បាន​បង្ហាញថា​ ទីផ្សារ​ការិយាល័យ​កម្រិតមធ្យម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កើន​ឡើ​តប្រមាណ០.៩​ ភាគរយ​ នៅ​ឆមាស​ទី១​ ឆ្នាំ​ ២០១៩​ បន្ទាប់ពី​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​៣ខែ​​ដំបូង​នៃ​ឆ្នាំនេះ​។

នៅក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ទីផ្សារ​កា​រិយា​លនៅ​ក្នុង​ទីក្រុង​សំ​ខាន់​ៗរបស់​ចិន​ បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ប្រចាំត្រីមាស​បំផុត​ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ក្នុង​នោះ​ទីក្រុង​ប៉េកាំង​ ទីក្រុង​សៀងហៃ​ និង​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,៦ភាគរយ​ ១,១ភាគ​តយ​ ហើយ​ទីក្រុង​ហុងកុង​ធ្លាក់ចុះ​ ១,១ភាគរយ​ ក្នុង​ត្រីមាស​ទី២​ ឆ្នាំ២០១៩​ នេះ​។

ទីក្រុង​តូក្យូ​ ទីក្រុង​បាងកក​ និង​ទីក្រុង​សឹង្ហ​បូរី​បាន​ប្រកាស​ពី​ការជួល​ការិយាល័យ​ឈានមុខ​គេ​ជាង១០ភាគរយ​នៅចន្លោះ​ត្រីមាស​ទី២​ ឆ្នាំ២០១៨​ និង​ត្រីមាស​ទី២ឆ្នាំនេះ​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បើ​មើលតាម​ភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃខាងមុខ​ក្នុងរយៈពេល​ខ្លី​ មិនថា​វិស័យ​សំណង់​ ឬការជួល​អគារ​ការិយាល័យ​នៅតែ​មិន​មាន​អ្វី​ដែល​គួរ​ព្រួយបារម្ភ​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​ ជា​ប្រទេស​ដែល​មានការ​រីកចម្រើន​ក្នុង​វិស័យ​មួយ​នេះ​ក្រោយគេ​ និង​កំពុងតែ​ចាប់ផ្តើម​រីក​លូតលាស់​ក្នុងនាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ខណៈ​ដែល​ប្រទេស​ជិតខាង​ ដូចជា​ប្រទេស​ម៉ាឡេស៊ី​ និង​ថៃ​ បាន​ដើរ​ផុត​រួម​ទៅ​ហើយ​នោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្រូវការ​នៃ​ការជួល​អគារ​នេះ​ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​គេ​ គឺ​យើង​នៅតែ​មានឱកាស​ល្អ​ និង​បន្តដំណើរ​វិវត្ត​ទៅមុខ​ទៀត​”។ លោក​បន្ត​ថា​ “កាលពីមុន​អ្នករក​ស៊ី​ អ្នក​វិនិយោគ​ដែល​បើក​ក្រុមហ៊ុន​ ភាគច្រើន​តែង​យក​អគារ​ ឬផ្ទះ​របស់​ខ្លួនឯង​ធ្វើជា​ការិយាល័យ​ (ផ្ទះល្វែង​ ឬ វីឡា​ខ្នាត​មធ្យម​) ដែល​វា​មិនមែន​ត្រូវ​នឹង​ស្ដ​ង់​ដារ​នោះ​ឡើយ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ធំ​ និង​បង្ហាញ​ពី​ឥទ្ធិពល​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ ដូច្នេះ​ចាំបាច់​ក្រុមហ៊ុន​ត្រូវតែ​មាន​កម្រិ​តស្ដ​ង់​ដា​ ជាក់ស្ដែង​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ស្រាប់​ ដែល​បណ្តា​ក្រុមហ៊ុន​ខ្នាត​ធំ​នានា​កំពុងតែ​អនុវត្ត​”។

បើ​ទោះជាយ៉ាងណា​ លោក​បាន​បញ្ជាក់​ថា​ ភាពល្អ​ប្រសើរ​នៃ​តម្រូវការ​ជួល​នៅតែ​មាន​ទីផ្សារ​ល្អ​ ឬយ៉ាងណា​នោះ​ វា​អាស្រ័យ​ទៅ​នឹង​រយៈពេល​ និង​កំណើន​នៃ​ការ​ផ្គត់ផ្គង់​នៅ​ថ្ងៃខាងមុខ​ ដោយ​គេ​មិន​អាច​ព្យាករណ៍​ឱ្យ​ប្រាកដ​បាន​នោះ​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here