អ្នកជំនាញ​ប្រាប់​ពី​វិធី​ទិញ​ដើម្បី​បញ្ចៀស​ហានិភ័យ​

0

ដោយ ​គង់​ សូ​រិយា​

ភ្នំពេញ៖​ ស្រប​ពេល​សកម្មភាព​វិនិយោគ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​និង​តម្លៃ​ទាប​ សំដៅ​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ បាន​កើនឡើង​យ៉ាង​គំហុក​ អ្នកជំនាញ​បាន​បង្ហាញ​វិធី​សាស្រ្ត​វិនិយោគ​លើ​លំនៅ​ដ្ឋាន​ទាំងនោះ​ ដើម្បី​បញ្ចៀស​ហានិភ័យ​ណាមួយ​កើតឡើង​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia ​អ្នកនាង​ Grace​ Rachny​ Fong ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ពិតជា​កើនឡើង​ ដោយសារ​អ្នក​វិនិយោគ​នានា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​ លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ព្រោះ​ជាទី​ផ្សារ​ធំ​សម្រាប់​ប្រជាជន​មាន​ប្រាក់ចំណូល​មធ្យម​។ អ្នកនាង​បន្ត​ថា​ ចំនួន​ប្រជាជន​មាន​ប្រាក់​ចំ​ណូ​លម​ធម្យម​ កំពុង​កើនឡើង​ខ្លាំង​ ហើយ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ចាប់ពី២ទៅ៣ម៉ឺន​ដុល្លារ​ គឺ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ​។

អ្នកនាង​បន្ត​ថា​ ទោះជាយ៉ាងណា​អតិថិជន​ ដែល​ទិញ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ត្រូវ​ប្រាកដ​ថា​គំរោង​ដែល​ពួកគេ​បាន​ទិញ​ ជា​គំរោង​មានការ​អភិវឌ្ឍន៍​ច្បាស់លាស់​ ជា​គំរោង​ដែល​មានគុណ​ភាព​សំណង់​ល្អ​ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​បុរី​ ដែល​មា​នកេរ្ត៍​ឈ្មោះ​ល្អ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។អ្នកនាង​បន្ត​ថា​ “អ្នក​វិនិយោគ​ក៏​ត្រូវ​ប្រាកដ​ថា​ លំនៅ​ដ្ឋាន​ដែល​ខ្លួន​បាន​ទិញ​ មានច្បាប់​សាងសង់​ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់​ព័ន្ឋដូចជា​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ ណគរូប​នី​យក​ម្ម​ និង​សំណង់​។

អ្នកនាង​ Grace​ Rachny​ Fong ​បាន​បន្ត​ថា​ មាន​ម្ចាស់​គំរោង​មួយចំនួន​បាន​ប្រកាស​លក់​លំនៅ​ដ្ឋាន​របស់​ខ្លួន​ ដោយ​មិនទាន់​បាន​ចាប់ផ្តើម​សាងសង់​ ព្រោះ​ពួកគេ​បាន​យក​ប្លង់ដី​របស់​ពួកគេ​ដាក់បញ្ចាំ​នៅ​ធនាគារ​ ដើម្បី​យក​មក​សាងសង់​ ដែល​ធ្វើឲ្យ​អ្នកទិញ​មិន​ទាន​កាត់​ប្លង់​រ៉ឹង​ ឬប្លង់​ដែល​ទទួលស្គាល់​ត្រឹម​ស្រុក​ឬខ័ណ្ឌ​បាន​។អ្នកនាង​បន្ត​ថា​ កន្លងមក​ករណី​បែបនេះ​បាន​កើតមាន​ ដោយ​អ្នក​តាំងខ្លួនជា​អ្នក​អភិវឌ្ឍន៍​ បាន​កក់​ដី​របស់​គេ​ហើយ​សាងសង់​ ខណៈ​ម្ចាស់ដី​បាន​យក​ប្លង់ដី​នោះ​ដាក់​នៅ​ធនាគារ​ ហើយ​ធនាគារ​មិន​អនុញ្ញាត្ត​ឲ្យ​មានការ​សាងសង់​សំណង់​លើ​ដី​នោះ​។

អ្វី​ជា​ដំណោះស្រាយ​ អ្នកនាង​ Grace​ Rachny​ Fong ​បាន​បញ្ជាក់​ថា​ អតិថិជន​គួរ​រក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ អចលនទ្រព្យ​ជំនាញ​ ដែល​មានបទពិសោធន៍​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​គំរោង​ដែល​ពួកគេ​ចាប់អារម្មណ៍​ ជា​គំរោង​ដែល​មិន​មាន​ហានិភ័យ​ ជា​គំរោង​អភិវឌ្ឍន៍​ច្បាស់លាស់​ និង​ម្ចាស់​គំរោង​ជា​អ្នក​អភិ​វឌ្ឈ​ន៍​មាន​ក្រម​សីល​ធ៌ម​វិជ្ជាជីវៈ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here