ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ និង​ក្រោម​ទន្លេ​ពី​កណ្តាល​រាជធានី​ទៅកាន់​តំបន់​ស្តាត​មរតក​តេជោ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​កំពុង​សិក្សា​បណ្តាញ​ផ្លូវ​រថភ្លើង​ សំរាប់​ជម្រើស​ចំនួន៣​ ចេញពី​រាជធានី​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ស្តាត​មរតក​តេជោ​ ស្ថិតនៅ​តំបន់​ទីក្រុង​រណប​តេជោ​មរកត​នា​សង្កាត់​ព្រែកតាសេក​ ខ័ណ្ឌ​ជ្រោយ​ចង្វា​ររាជធានី​ភ្នំពេញ​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​អ្នក​នាំ​ពាក​ម្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៦​ កញ្ញា​កន្លងមក​ថា​ ពិតហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​លើ​បណ្តាញ​រថភ្លើង​ចំនួន​បី​ ទី១​ រថភ្លើង​អាកាស​ធុន​ស្រាល ​(AGT​) ទី២​ ប្រភេទ​ Metro​ ក្រោម​ដី​ និង​ទី៣​ ប្រភេទ​ Metro ​ក្រោមទឹក​ ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ស្តាត​មរតក​សម្តេច​តេជោ​ ដែល​ការសិក្សា​នេះ​អាច​ចំណាយពេល​មួយឆ្នាំ​ទៀត​។

លោក​បន្ត​ថា​ “គំរោង​នេះ​ជា​គំរោង​ចាយ​លុយ​ច្រើន​ ដែល​ខ្ញុំ​មិនដឹង​ថា​គំរោង​នេះ​នឹងអាច​សាងសង់​ទាន់ពេល​ ដែល​កម្ពុជា​រៀបចំ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ឬ​អត់​ឡើយ​”។លោក​បន្ត​ថា​ “ការសិក្សា​ចប់​ វា​ត្រូវការ​ថវិកា​ច្រើន​ ហេតុនេះ​គំរោង​នេះ​ត្រូវ​ដាក់​ឆ្លង​រដ្ឋ​ភិបាល​សម្រេច​ ដើម្បី​ស្វែងរក​ថវិកា​មក​វិនិយោគ​ឬសាងសង់​គំរោង​នេះ​”។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បន្ត​ថា​ តាមអ្វី​ដែល​លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ចង់បាន​ គឺ​ចង់​ឲ្យ​មានការ​សាងសង់​ប្រភេទ ​Metro ​ជាជាង​សាងសង់​រថភ្លើង​លើ​អាកាស​។ ប៉ុន្តែ​អ្វី​ៗវា​អាស្រ័យ​លើ​ប្រភព​ថវិកា​ថា​យើង​យើង​យក​ពីណា​មក​?។

សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ឆ្នាំមុន​ ធ្លាប់​បាន​មានប្រសាសន៍​បង្ហើប​ ពី​គំរោង​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ ប៉ុន្តែ​សម្តេច​មិន​បញ្ជាក់​លំអិត​ថា​នឹង​ធ្វើ​ចេញពី​តំបន់​ណា​ទៅ​តំបន់​ណា​ និង​គ្រោង​ចំណាយ​ថវិកា​ប៉ុន្មាន​នៅឡើយ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here