ក្រសួង​សាធារណៈ​ការ​ កំណត់​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ៣​ និង​លេខ៣៣ឱ្យ​រួចរាល់​ដំណាក់កាល​ដំបូង​នៅ​ធ្នូ​ចុងឆ្នាំ​នេះ

0

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​សាង​សង់​ផ្លូវជាតិ​លេខ៣និង​លេខ៣៣​ ឲ្យ​ស្ថាបនា​បញ្ចប់​គំរោង​ដំណាក់កាល​ទី១នៅ​ចុងឆ្នាំ២០១៩នេះ​។

នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ និង​លទ្ធផល​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ៣៣​ ពី​កែប​ឆ្ពោះ​មក​ខេត្តកំពត​ និង​ផ្លូវជាតិ​លេខ៣​ តភ្ជាប់​ពី​ខេត្តកំពត​ទៅដល់​តំបន់​វាល​រិញ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះសីហនុ​លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​នេះ​ត្រូវតែ​បញ្ចប់​ការសាងសង់​ និង​អាច​ប្រើប្រាស់​បាន​ជា​បណ្តោះអាសន្ន​ ប្រកបដោយ​គុណភាព​នៅ​ត្រឹម​ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខនេះ​ជាកំហិត​។

ទេស​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​ “ដាច់ខាត​នៅ​ត្រឹម​ខែធ្នូ​ខាងមុខនេះ​ ក្រុមហ៊ុន​សាងសង់​ផ្លូវ​ទាំង២ខ្សែ​ខាងលើ​នេះ​ ដែល​មាន​ចម្ងាយ​ប្រវែង២០គីឡូម៉ែត្រ​ ត្រូវតែ​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់​ និង​អាច​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​”។

លោក​បន្ត​ទៀត​ថា​ ការជំរុញ​ និង​កំណត់ពេល​វា​លា​នៃ​ការសាងសង់​នេះ​ ក៏​ព្រោះតែ​ត្រៀម​ និង​រៀបចំ​ប្រា​ព្វ​ពិធីបុណ្យ​សមុទ្រ​នៅ​ត្រឹម​ខែធ្នូ​ ឆ្នាំ២០១៩​ ជាពិសេស​ត្រៀម​រៀបចំ​ការ​ប្រណាំង​កង់​អន្តរជាតិ​ លំដាប់​ពិភពលោក​លើកដំបូង​នៅ​កម្ពុជា​ ដែល​នឹង​ប្រា​រព្វ​ឡើង​នៅ​ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ស៊ុន​ ចាន់​ថុ​លបា​នប​ន្ត​ទៀត​ថា​ ការ​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ខែធ្នូ​នេះ​មិនមែន​ជា​ការ​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​ជា​ការស្ថាបនា​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ ដែល​ចាំបាច់ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ដោយ​ក្រោយពេល​បញ្ចប់​ព្រឹត្តិ​ការណ៍​ជាតិ​ និង​អន្តរជាតិ​ទាំង២នេះ​ ក្រុមហ៊ុន​ត្រូវតែ​ឈូស​ឆាយ​ និង​ធ្វើការ​សាងសង់​ជាថ្មី​ឡើងវិញ​ ដោយ​ដាច់ខាត​ត្រូវតែ​ធ្វើឡើង​ស្របតាម​បច្ចេកទេស​ មានគុណ​ភាព​ខ្ពស់ទៅ​តាម​គោលការណ៍​ដែល​បាន​ព្រមព្រៀង​។

លោក​បាន​បញ្ជាក់​ថា​ “សម្រាប់​ផ្លូវជាតិ​លេខ៣ចេញពី​ខេត្តកំពត​ ទៅ​ភ្នំពេញ​ចម្ងាយផ្លូវ១២០គីឡូម៉ែត្រ​ត្រូវតែ​រួចរាល់​ ហើយ​ក្រៅពី​នេះ​ចំពោះ​ផ្លូវ​ដី​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​បាញ់​ទឹក​ឱ្យ​បាន​ញឹកញាប់​ជាប់​ជាប្រចាំ​កុំឱ្យ​ហ៊ុយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​បណ្តា​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្សាន្ត​នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ផង​ដែរ​”។

អ្នកជំនាញ​សាងសង់​ផ្លូវ​បាន​បញ្ជាក់​ថា​ ការសាងសង់​ផ្លូវជាតិ​លេខ៣៣​ ដែល​មាន​ចម្ងាយ២០គីឡូម៉ែត្រ​ មានការ​ផលវិបាក​ និង​ឧបសគ្គ​ក្នុង​ការ​សាង​សង​ច្រើន​ ដោយសារតែ​សភាព​ដី​នៅ​ផ្លូវជាតិ​នេះ​ទន់​ និង​ជ្រាយ​ខ្លាំង​ ដែល​តម្រូវ​ជីក​យក​ដី​ស្អុយ​ចេញ​រហូតដល់​ជម្រៅ១៨ម៉ែត្រ​ចុះក្រោម​ និង​តម្រូវ​ចំណាយ​ថវិកា​ច្រើន​។ ជា​ដំណោះស្រាយ​ ក្រុមហ៊ុន​ និង​អ្នកបច្ចេកទេស​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ ដោយ​ជ្រើសរើស​យក​វិធីសាស្ត្រ​ចាក់​ដី​ថ្មី​ និង​ថ្ម​ លើកកម្ពស់​បន្ថែម​ពីលើ​ថ្នល់​ចាស់៨តឹក​ ដែល​អាច​មានគុណ​ភាព​ប្រើប្រាស់​យ៉ាងតិច​បាន៥ឆ្នាំក្រោយ​ការសាងសង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here