ការសាងសង់​លំនៅ​ដ្ឋាន​មា​នកំនើ​នដល់២៥​,០០០ខ្នង​ក្នុង​មួយឆ្នាំ​ដោយសារ​កត្តា​សំខាន់​ចំនួន​ពីរ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​បាន​កើន​ដល់២៥០០០ខ្នង​ក្នុង​មួយឆ្នាំ​ ដោយ​សា​រកំនើ​នប្រ​ជា​សាស្រ្ត​ និង​ការ​កើនឡើង​នូវ​ប្រាក់​ចំ​ណុល​របស់​ប្រជាពលរដ្ឋ​ ស្រប​ពេល​កំនើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​។

យោង​តាម​របាយការណ៍​ដែល​សិក្សា​ ដោយក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ V-Trust​ Appraisal​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៅ​រាជធានី​ភ្នំពេញ​ មាន​ខណ្ឌ​ចំនួន៧បាន​និង​កំពុង​មាន​សកម្មភាព​យ៉ាង​មមាញឹក​ ដែល​មានការ​សាងសង់​សំណង់​លំនៅ​ដ្ឋាន​ ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ខណ្ឌ​ចំនួន​ទាំង៧​ ដែល​ត្រូវ​បាន​ជាប់​នៅក្នុង​កំណត់ត្រា​ក្នុង​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ ដែល​ជម្រុ​ញឱ្យ​មាន​កំណើន​លំនៅ​ដ្ឋាន​ថ្មី​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ រួមមាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ ខណ្ឌឫស្សីកែវ​ ខណ្ឌ​ច្បារអំពៅ​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ។

នាយក​ផ្នែក​ស្រាវជ្រាវ​របស់​ V-Trust​ Appraisal​ លោក​ ហ៊ឹម​ សីហា​ ដែល​ជា​អ្នកនិពន្ធ​របាយការណ៍​ «ភ្នំពេញ​ឆ្នាំ២០៣០​» បាន​លើកឡើង​ថា​ ទីក្រុង​ភ្នំពេញ​កំពុង​មាន​កំណើន​ចំនួន​ប្រជាជន​ ប្រមាណ៤ភាគរយ​ជាប្រចាំ​ឆ្នាំ​ ដែល​ប្រជាជន​ទាំងអស់​នេះ​ជា​អ្នកចំណូលថ្មី​ មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗនៅក្នុង​ប្រទេស​ ជាពិសេស​ខេត្ត​ជាប់​ភ្នំពេញ​។

លោក​បាន​បន្ថែម​ទៀត​ថា​ “កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ទាំងនេះ​ គឺ​តម្រូវ​ឱ្យ​មា​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ជាចាំបាច់​ ខណៈ​ដែល​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារឯកជន​ កាន់តែ​មាន​លក្ខខណ្ឌ​ងាយស្រួល​ដោយ​ការ​បង់​រំលោះ​ ផ្តល់​ឱកាស​ដល់​ប្រជាជន​ឱ្យ​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​បាន​ ហើយ​កត្តា​នេះ​បាន​ជំរុញ​កំណើន​ការសាងសង់​ និង​ផ្គត់ផ្គង់​បន្ត​ទៀត​”។

តាម​ការសិក្សា​ស្រាវជ្រាវ​ V-Trust​ Appraisal​ បាន​ព្យាករណ៍​ថា​ នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខនេះ​ កំណើន​លំនៅ​ដ្ឋាន​នៅ​តាម​បណ្តា​បុរី​នានា​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​មាន​ចំនួន​រហូតដល់​ប្រមាណ៤៥ម៉ឺន​ខ្នង​ ខណៈ​ដែល​បច្ចុប្បន្ន​កំណើន​ នៃ​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ក្នុង​បុរី​មាន​ចំនួន​ប្រមាណ៩ភាគរយ​ ស្មើនឹង​ប្រមាណ២៥​,០០០ខ្នង​ក្នុង​មួយឆ្នាំ​។

អ្នកវិភាគ​សេដ្ឋកិច្ច​សង្គម​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ លោក​ ង៉ែត​ ជូ​បាន​លើកឡើង​ថា​ កំណើន​នៃ​តម្រូវការ​លំនៅ​ដ្ឋាន​ បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​មានសន្ទុះ​ខ្លាំង​។ លោក​បន្ត​ថា​ បណ្តា​អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ គិតជា​មធ្យម​ក្នុង​ចន្លោះ​ចាប់ពី​ ៧-១០​ ភាគរយ​ក្នុង​មួយឆ្នាំ​ ហើយ​ការព្យាករណ៍​នេះ​ទំនងជា​អាច​សម្រេច​បាន​ ដោយសារតែ​តម្លៃ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​ដីធ្លី​នៅ​កម្ពុជា​មានតម្លៃ​ទាប​នៅឡើយ​ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​។

លោក​បាន​លើកឡើង​យក​ទិន្នន័យ​ដែល​បាន​ចេញ​ដោយ​ Global​ Property​ Guide​ មក​បង្ហាញថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​ក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ប្រមាណ​ ២,៩០០​ ដុល្លារ​ក្នុង១ម៉ែត្រការ៉េ​។ នៅ​ប្រទេស​ថៃ​មានតម្លៃ​ ៣,៩០០​ ដុល្លារ​ នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ ១០​,៩០០​ ដុល្លារ​ នៅ​ប្រទេស​ចិន​មានតម្លៃ​ ១១​,៨០០​ ដុល្លារ​ នៅ​សិង្ហបុរី​មានតម្លៃ​ ១៣​,៧០០​ ដុល្លារ​ និង​នៅ​ក្រុង​ហុងកុង​មានតម្លៃ​ ២៨​,៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here