ដោយ វុត្ថា
ទីក្រុងឡុងដ៏ៈ តម្លៃលំនៅឋានជាមធ្យមនៅទូទាំងប្រទេសអង់គ្លេស បានកើនដល់ ២៣៣.៥៤១ ផោន ប្រហែល ២៨៧.៤២៨ដុល្លារអាមេរិក នៅក្នុងខែសីហាគឺខ្ពស់ជាងខែមុន ០,៣ ភាគរយ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Halifax ដែលផ្តល់ប្រាក់កម្ចីទិញអចលនទ្រព្យ បានបង្ហាញកាលពីចុងសប្តាហ៍កន្លងមកនេះបង្ហាញថា តម្លៃលំនៅឋាននៅខែមិថុនាដល់ខែសីហាគឺកើនឡើង០,១ ភាគរយច្រើនជាងរយៈពេល៣ខែមុន។ ហើយតម្លៃលំនៅឋានជាមធ្យមនៅក្នុងខែសីហា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ១,៨ ភាគរយ។
លោក Russell Galley នាយកគ្រប់គ្រងនៅក្រុមហ៊ុន Halifax បាននិយាយថា មិនមានការផ្លាស់ប្តូរតម្លៃលំនៅឋានពិតប្រាកដ នៅក្នុងខែសីហាទេ ដោយសារតែតម្លៃអចលនទ្រព្យជាមធ្យម បានកើនឡើងត្រឹមតែ០.៣ ភាគរយក្នុងមួយខែទៅមួយខែ។
លោកបន្ថែមថា ស្ថានភាពនេះបន្តពង្រីកនូវទំនោរជាទូទៅ ដែលយើងបានឃើញក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ជាមួយតំលៃលំនៅឋានជាមធ្យមបានផ្លាស់ប្តូរតាំងពីខែមីនាកន្លងមកនេះ។
លោក Galley បន្តថា “ខណៈពេលដែលភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ ទាំងអ្នកទិញ និងអ្នកលក់ ដែលជាកត្តាជះឥទ្ធិពលអក្រក់ដល់ទីផ្សារអលចនទ្រព្យខ្លះៗផង។

លោក Galley បានបន្ថែមថា“ ទោះបីជាទីផ្សារលំនៅដ្ឋាន នឹងត្រូវរងឥទ្ធិពលដោយព្រឹត្តិការណ៍នានានៅក្នុងសេដ្ឋកិច្ចក៏ដោយ ក៏វានៅតែបន្តបង្ហាញពីភាពរឹងមុំានាពេលបច្ចុប្បន្ន”។ លោកបន្តថា “យើងក៏មិនត្រូវភ្លេចអំពីការពិតដែលថាកត្តាជំរុញ និងសកម្មភាពធំបំផុតក្នុងរយៈពេលវែង នៅតែជាកង្វះខាតនៃអចលនទ្រព្យ ដែលអាចរកបានដើម្បីឆ្លើយតបនឹងតម្រូវការពីអ្នកទិញ”៕






