ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបានបង្ហាញបំណងអភិឌ្ឍន៍ទីក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគុជមួយសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្ត ដោយគ្រោងចំណាថវិកាអភិវឌ្ឍន៍ជាតំបូងចំនួន ១០០លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងការចុះត្រួតពិនិត្យផ្ទាល់ពីបណ្តាញលូ-ប្រឡាយ ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ថវិកាបំរុងសម្រាប់ការអភិវឌ្ឍន៍ជាតិចំនួន ១០០លានដុល្លារជាមុនសិន ដើម្បីអភិវឌ្ឍន៍ទីក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងល្អ និងជាទីក្រុងគុជមួយសម្រាប់ទេសចរណ៍មកលេង។
លោកបន្តថា រដ្ឋភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធបានសម្រេចអភិវឌ្ឍគម្រោងជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុនិងស្តារប្រព័ន្ធលូ និងប្រឡាយនៅក្នុងក្រុងព្រះសីនុដើម្បីដើមរំដោះទឹកជំនន់ និងត្រៀមឱ្យទាន់កិច្ចប្រជុំកំពូលអាស៊ានៅក្នុងឆ្នាំ ២០២២ ខាងមុខ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោកបន្តថា សម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកខ្វក់នៅក្នុងក្រុង រដ្ឋាភិបាលនឹងស្នើទៅរដ្ឋាភិបាលចិនដើម្បីទទួលបានជំនួយឥតសំណងដើម្បីយកមកកសាងអាងចំរោះទឹកខ្វក់ដែលត្រូវការថវិការយ៉ាងច្រើន ក្នុងការយកចំណាយលើការកប់លូមេ និងលូខ្នែៗប្រវែង ៤០ គីឡូម៉ែត្របន្ថែមទៀត ដោយតភ្ជាប់ពីផ្ទះរបស់ប្រជាពលរដ្ឋ និងទៅអគារ ដែលធ្វើទៅតាមជំហានមួយៗ។
តាមរយៈចក្ខុវិស័យដល់ឆ្នាំ២០៣០នៃផែនការរៀបចំដែនដី រាជរដ្ឋាភិបាលបានកំណត់ យកខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈខេត្តមាត់សមុទ្រមួយនេះ កំពុងមានសន្ទុះខ្លាំងផ្នែកវិនិយោគ និងទេសចរណ៍ ជាពិសេស ហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន។
ក្នុងគម្រោងផែនការរៀបចំដែនដីរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងក្លាយជាបណ្តុំនៃ ទីក្រុងទំនើប រមណីដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ និងមជ្ឈមណ្ឌលកំសាន្តជាតិ។
យោងតាមផែនការរៀបចំដែនដីឆ្នាំ២០៣០ដដែលបន្ថែមថា ខេត្តព្រះសីហនុ ក៏នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលភស្តុរភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការរស់នៅល្អប្រសើរ។
គោលបំណងនៃការអភិវឌ្ឍន៍នេះ គឺដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ និងអន្តរជាតិ និងគោលនយោបាយតាមវិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ផែនការរៀបចំដែនដី បញ្ជាក់ថា ដោយមើលឃើញថាសក្តានុពលតំបន់ឆ្នេរសមុទ្រមានសារៈសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ឲ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសកលលោក។
ខេត្តព្រះសីហនុ មានលក្ខណៈពិសេសជាងខេត្តដទៃ ក្រៅពីទិសដៅទេសចរណ៍ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដែលជាកត្តាចម្បងទាក់ទាញវិនិយោគ៕