ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ សណ្ឋាគារប្រណីតមួយតម្លៃ៥លានដុល្លារ បានបើកសម្ភោធជាលើកដំបូងក្នុងទីក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ ដែលមានការចូលរួមជាអធិបតីពីលោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ សណ្ឋាគារប្រណីតមួយតម្លៃ៥លានដុល្លារ បានបើកសម្ភោធជាលើកដំបូងក្នុងទីក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ ដែលមានការចូលរួមជាអធិបតីពីលោកបណ្ឌិតថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
សណ្ឋាគានេះបានដំណើរការសាងសង់រយៈពេល៥ឆ្នាំ រហូតលេចចេញជារូបរាងនាថ្ងៃនេះ ដែលនេះជាផលិតផលទេសចរណ៍ និងសមិទ្ធផលថ្មីមួយទៀតនៃវិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ ហើយដែលនឹងជួយលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មស្នាក់នៅ ម្ហូបអាហារ កីឡា និងសុខភាពនៅខេត្តកំពង់ធំ និងជាការតភ្ជាប់កញ្ចប់ខ្សែទស្សនកិច្ចជាមួយប្រាសាទសំបូរព្រៃគុក និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀតរបស់ខត្តកំពង់ធំ។
សណ្ឋាគារនេះមាន៨៧បន្ទប់ មានបុគ្គលិកបម្រើការ៧៩នាក់ ជាជនជាតិខ្មែរទាំងអស់ មានបន្ទប់ប្រជុំ៣ មានសេវាកម្មម្ហូបអាហារបែបខ្មែរ ចិន អឺរ៉ុប ជប៉ុន មានក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា ម៉ាស្សា មាន Sky Bar នៅជាន់ខាងលើ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាងនេះទៀត សណ្ឋាគារនេះបាននិងកំពុងស្នើសុំចំណាត់ថ្នាក់ផ្កាយបួនពីក្រសួងទេសចរណ៍។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បានអបអរសាទរសមិទ្ធផលថ្មីដ៏អស្ចារ្យនេះ និងបានផ្តល់អនុសាសន៍ និងសំណូមពរ៣ចំនុច ដូចជាទី១ សូមស្នើអោយម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារ យកចិត្តទុកដាក់ជាសំខាន់ចំពោះគុណភាពសេវាកម្ម និងគុណវុឌ្ឍរបស់បុគ្គលិក។ រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវទេសចរ ត្រូវតែជាសេវាកម្មដែលមានគុណភាពស្របតាមបទដ្ឋាន និងការណែនាំរបស់ក្រសួងទេសចរណ៍ និងសូមយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិកគ្រប់ថ្នាក់ ទាំងHard Skill និង Soft Skill។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ ត្រូវបង្កលក្ខណៈឱ្យដល់គ្រប់បុគ្គលិកទាំងអស់ក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលឡើងវិញ (refreshment) ឱ្យបានទៀងទាត់ និងជាប់ជាប្រចាំ។
ទី២ស្នើដល់រដ្ឋបាលខេត្តកំពង់ធំពន្លឿន ការងារអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពល ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងយន្តការគ្រប់គ្រង សណ្តាប់ធ្នាប់។ និងស្នើឱ្យមន្ទីរទេសចរណ៍ដែលជាសេនាធិការជំនាញ ផ្តល់ការបណ្តុះបណ្តាលឱ្យបានជាប្រចាំដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍នៅក្នុងគោលដៅទាំងនោះ។ នៅពេលដែលយើងមានគោលដៅទេសចរណ៍ច្រើនក្នុងខេត្ត ភ្ញៀវទេសចរនឹងស្នាក់នៅកាន់តែយូរនៅក្នុងខេត្ត (រយៈពេលនៃ ការស្នាក់នៅនឹងអាចកើនពី១យប់ ទៅ២យប់ឬ៣យប់) ពេលនោះតម្រូវការបន្ទប់ស្នាក់នៅ នឹងកើនឡើងដល់១៣០០បន្ទប់ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍។
ទី៣ ស្នើដល់ម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ចូលរួមគាំទ្រដល់ផលិតផលក្នុងស្រុក ពិសេស គឺផលិតផលសហគមន៍ក្នុងខេត្តកំពងធំតែម្តង ទាំងការប្រើប្រាស់សម្រាប់គោលបំណងតុបតែងលម្អ ការផ្គត់ផ្គង់សម្ភារៈក្នុងបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន៕