ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ក្រុមហ៊ុន British Airways (BA) បានផ្អាកការហោះហើរទាំងអស់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ កញ្ញានេះ ខណៈសមាគមអ្នកបើកយន្តហោះឱ្យក្រុមហ៊ុន BA បានជ្រើសរើសធ្វើកូដកម្មជុំវិញជម្លោះប្រាក់ឈ្នួល។

-->
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន BA បានឱ្យថា “យើងយល់ពីសកម្មភាពធ្វើកូដកម្មរបស់សមាគម BALPA ដែលធ្វើឱ្យអ្នកមានខកចិត្ត និងរំខាន។
បន្ទាប់ពីជាច្រើនខែនៃការព្យាយាមដោះស្រាយវិវាទប្រាក់ខែ យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង”។
សកម្មភាពធ្វើកូដកម្មដែលមិនធ្លាប់មានពីមុនដោយសមាគមអ្នកបើកយន្តហោះអាកាសចរណ៍អង់គ្លេស (BALPA) បានធ្វើឱ្យមានការភ្ញាក់ផ្អើលសូម្បីតែក្រុមហ៊ុន BA នៅពេលដែលពួកគេបានចេញព័ត៌មានថ្មីៗនៅលើគេហទំព័ររបស់ខ្លួនដល់អ្នកដំណើរ និងបានស្តីបន្ទោសយ៉ាងខ្លាំងដល់សមាគមអ្នកបើកយន្តហោះ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន BA ដែលចេញផ្សាយកាលពីថ្ងៃ ច័ន្ទ បានឱ្យដឹងថា “ជាអកុសល ដោយគ្មានព័ត៌មានលម្អិតពីសមាគម BALPA ដែលអាកាសយានិកនឹងធ្វើកូដកម្ម យើងគ្មានវិធីដឹងថាតើមានមនុស្សប៉ុន្មាននាក់នឹងមកធ្វើការ ឬយន្តហោះណាមួយដែលពួកគេមានសមត្ថភាពហោះហើរ ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅពីលុបចោលជើងហោះហើររបស់យើងជិត ១០០ភាគរយនោះទេ”។
យោងតាមសេចក្តីប្រកាសរបស់សមាគម BALPA អ្នកបើកយន្តហោះក្រុមហ៊ុន BA បានបោះឆ្នោតដើម្បីធ្វើបាតុកម្មកាលពីខែ កក្កដា ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៣ ភាគរយក្នុងការគាំទ្រសកម្មភាពនេះ។
លោក Brian Strutton អគ្គលេខាធិការសមាគមខាងលើ មានប្រសាសន៍ថា “យើងមិនចង់មានភាពរអាក់រអួលដល់អតិថិជនរបស់យើងដែលជាមូលហេតុដែលយើងបានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈការចរចារដែលចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំមុន តែក្រុមហ៊ុន BA ជាអ្នកអូសបន្លាយមកដល់ពេលនេះ”។
អ្នកបើកយន្តហោះក្រុមហ៊ុន BA បានចោទប្រកាន់រដ្ឋបាលក្រុមហ៊ុន BA ពីកលល្បិចសម្លុត និងចរចាប្រាក់ឈ្នួលអយុត្តិធម៌។
ការចេញផ្សាយដោយសមាគមកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា “អ្នកបើកយន្តហោះដែលកាត់បន្ថយការប្រាក់ខែក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុដើម្បីជួយក្រុមហ៊ុន បាននិយាយថា អ្នកគ្រប់គ្រងបានខកខានពេលវេលាម្តង ហើយម្តងទៀតដើម្បីស្តាប់បុគ្គលិករបស់ពួកគេ ហើយហាក់ដូចជាបានកំណត់ឱ្យអ្នកបើកបរយន្តហោះធ្វើកូដកម្ម”។
សមាគមនេះបានស្តីបន្ទោសទៅលើរដ្ឋបាលដែលពួកគេជឿថាបានផ្តល់ប្រាក់ឈ្នួលអយុត្តិធម៌ ហើយមិនចរចាដោយស្មោះត្រង់។
លោក Strutton មានប្រសាសន៍ថា “មេដឹកនាំក្រុមហ៊ុនដែលខ្លួនគេទទួលបានប្រាក់ខែច្រើន ហើយមានកញ្ចប់អត្ថប្រយោជន៍ជាច្រើននឹងមិនព្រមស្តាប់ទេ ហើយកំពុងបដិសេធក្នុងការចរចា និងដាក់ប្រាក់ចំណេញមុនតម្រូវការអ្នកដំណើរ និងបុគ្គលិក”៕