ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ឥទ្ធិពលនៃគ្រោះជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនានាស្ទើរទូទាំងប្រទេស ជួបនឹងភាពខូចខាតជាច្រើន ដែលក្នុងនោះ ខេត្ត ក្រុង ចំនួន១១ កំពុងតែប្រឈម និងទាមទារឱ្យមានការស្ដារ និងជួសជុលឡើងវិញជាចាំបាច់។

-->
គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ ស្ថិតិរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ខេត្ត / ក្រុងចំនួន ១១ នៅទូទាំងប្រទេសកម្ពុជា កំពុងតែជួបភាពលិចលង់ និងធ្វើឱ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមានការខូចខាត ដែលតម្រូវឱ្យមានការជួសជុល និងស្ដារឡើងវិញជាចាំបាច់បន្ទាប់ចប់រដូវកាលទឹកតម្លើងនេះ។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ បានមានប្រសាសន៍ថា គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ មាន ខេត្ត / ក្រុង ចំនួន១១ហើយ ដែលកំពុងតែជួបបញ្ហាលិខលង់ និងខូចខាតផ្លូថ្នល់។
ខេត្ត /ក្រុងទាំង១១ ដែលកំពុងមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមមានដូចជាផ្លូវថ្នល់ និងស្ពាន ដោយសារតែជំនន់ទឹកភ្លៀង និងទឹកទន្លេខាងលើនេះមានដូចជា ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “ភាពប្រឈមនៃខេត្តទាំង១១ដូចបានរៀបរាប់ខាងលើនេះ មានបណ្តាញផ្លូវសរុបចំនួន៤៦ខ្សែ ត្រូវបានលិច និងខូចខាត ដែលមានប្រវែងសរុបប្រមាណជាង៦០គីឡូម៉ែត្រ”។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ ក្រុមការងារជំនាញបានចុះធ្វើសកម្មភាពអន្តរាគមន៍នៅតាមបណ្តាខេត្តក្រុងមួយចំនួន ដើម្បីទប់ស្កាត់កុំឱ្យរីករាយដាលកាន់តែធ្ងន់ធ្ងរ”។
លោកបានបន្តទៀតថា “ជាជំហាន និងការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពេលនេះក្រុងអ្នកជំនាញបានធ្វើការស្រោចស្រង់ និងស្ដារប្រព័ន្ធលូ ប្រឡាយ និងសាងសង់ប្រពន្ធរំដោះទឹកភ្លៀង និងកខ្វក់ ក្នុងខេត្ត និងក្រុងព្រះសីហនុ ក្រោមការផ្តល់ថវិកាពីរដ្ឋាភិបាលចំនួន ១០០លានដុល្លារ រួមជាមួយថវិកាបដិភាគរបស់វិស័យឯកជនចំនួន៤០០លានដុល្លារ”។
នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពសាងសង់ និងស្តារផ្លូវជាតិលេខ៣ និងផ្លូវ៣៣ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា ភ្ជាប់ទៅនឹងគ្រោះទឹកជំនន់ដែលកំពុងបង្កឱ្យមានការខូចខាតផ្លូវ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅតាមបណ្តាខេត្តទាំង១១ខាងលើនេះ រដ្ឋាភិបាល បានត្រៀមឧបករណ៍ គ្រឿងចក្រ រួមជាមួយថវិកាបម្រុងរួលរាល់សម្រាប់ស្ដារ និងជួលជុលឱ្យមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីរដូវទឹកតម្លើងនេះត្រូវបានបញ្ចប់ទាំងស្រុង។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា បើទោះជារដ្ឋាភិបាលបានជំរុញ និងខិតខំកសាង និងស្ដារផ្លូវថ្នល់ឱ្យល្អយ៉ាងណាក៏ដោយ ក៏ចាំបាច់ត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គ្នាក្នុងការថែរក្សាជាសម្បត្តិរួមផងដែរ។

លោកបន្តទៀតថា ផ្លូវថ្នល់ដែលអាចប្រើជាប្រយោជន៍ក្នុងរយៈពេលពេលយូរ និងមានគុណភាពល្អ ត្រូវពឹងផ្អែកទៅលើ៤ចំណុច ទី១ ការសាងសង់ត្រូវបានប្រាកដថាធ្វើឡើងស្របតាមបច្ចេកទេស ទី២ ចៀសវាងការជញ្ជូនលើសទម្ងន់ ទី៣ មានការចូលរួមក្នុងការថែរក្សាឱ្យបានល្អ ហើយទី៤ ការពារកុំឱ្យមានទឹកហូរកាត់ ដោយត្រូវបានមានប្រឡាយនៅអមទាំងសង់ខាងជាដើម ៕