ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានដែលវែងជាងគេ តម្លៃ២០០លានដុល្លារ តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ ខាងមុខនេះ ខណៈស្ពាននេះ ត្រូវបានសិក្សាចប់សព្វគ្រប់។
លោកលោកវ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩នេះ ថា តាមគម្រោង ស្ពានដែលវែងជាងគេនេះ នឹងអាចចាប់ផ្តើមសាងសង់នៅឆ្នាំងក្រោយៗ នេះ បន្ទាប់ពីសម្ពោធសាងសង់ផ្លូវជាតិលេខ ១០ និងផ្លូវផ្សេងៗរួចរាល់។
លោកបន្តថា “សម្រាប់ប្រភពថវិកាដែលគ្រោងយកទៅសាងសង់ស្ពាននេះ គឺជាប្រាក់កម្ចីហិរញ្ញប្បទាន តែមិនទាន់បានដឹងមកពីប្រទេសណានោះទេ ដោយរងចាំការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា”។
តែយ៉ាងណាក៏ដោយ បើតាមលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនធ្លាប់បានឲ្យដឹងកន្លងនេះថា គំរោងសាងសង់ស្ពានបានចាប់ផ្តើមសិក្សាកាលឆ្នាំ២០១៤ ប៉ុន្តែក្រោយមកបានផ្អាកមួយរយៈ ដោយសារសម្តេចតេជោបានឲ្យសិក្សាឡើងវិញ ពីផលប៉ះពាល់បរិស្ថាន និងចរាចរណ៍ឆ្លងកាត់របស់ត្រី ហើយជាលទ្ឋផលគណកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានសិក្សាឡើងវិញ ជាលទ្ឋផលគំរោងនេះមិនមានផលប៉ះពាល់បរិ ស្ថាននិងត្រីនោះទេ។
លោកបន្តថា គំរោងនេះត្រូវបានបើកវេទិកាសាធារណៈនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាលទ្ឋផលប្រជាពលរដ្ឋបានគាំទ្រលើគំរោងនេះ១០០ភាគរយ។លោកបន្តថា “គំរោងនេះអាចចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានរបស់ចិន”។
លោកបានបញ្ជាក់ទៀតថា នៅក្នុងគម្រោងនេះ ទទួលបានការសាទរពីសំណាក់ប្រជាជនដែលកំពង់រស់នៅទាំង២ខេត្តជាខ្លាំង ក៏ដូចជាសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រោះនៅពេលកើតមានស្ពាន និងផ្លូវដែលស្ថិតក្នុងគម្រោងសាសង់ខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕






