ដោយ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលក្រុងភ្នំពេញ បានបង្ហាញគោលបំណងប្រែក្លាយសង្កាត់ពីរគឺសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ស្ថិតក្នុងខណ្ឌព្រែកព្នៅ ក្លាយជាសង្កាត់គំរូនិងទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋរស់នៅតំបន់នេះ កាន់តែប្រសើរជាងមុនមួយកម្រិតថែមទៀត។

-->
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញអំពីគោលបំណងប្រែក្លាយភូមិសាស្ត្រសង្កាត់ពញាពន់និងសង្កាត់ ពន្សាំង ឱ្យក្លាយជាសង្កាត់គំរូលើការអភិវឌ្ឍ និងផ្នែកបរិស្ថានក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃអាទិតកន្លងទៅ ខណៈចុះលោកបានចុះស្ថាបនា និងជួសជុលផ្លូវដែលជាអាទិភាពចំនួន១០ខ្សែប្រវែង៦.៤៨២ម៉ែត្រ ដែលបច្ចុប្បន្នទទួលរងការខូចខាតខ្លាំង ហើយក៏ជាផ្លូវដ៏មមាញឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។
លោកបន្តថា “ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច ហើយមានផ្លូវល្អគឺជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ដែលក្រុមការងារតែងបានយកចិត្តទុកដាក់គិតគូរខ្លាំងទៅលើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងបានទំនុកបំរ៉ុងទៅតាមសំណូមពរ និងលទ្ធភាពដែលមាន”។
លោកអភិបាលបានបន្ដថា ចំណុចអាទិភាពគឺការជួសជុលកែលម្អផ្លូវជាង៧គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ពញាពន់ និងជាង១០គីឡូម៉ែត្រ ក្នុងសង្កាត់ពន្សាំងឱ្យបានប្រសើរឡើងព្រោះផ្លូវក្នុងតំបន់ នេះក៏ជាការទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនារមណីយដ្ឋានវប្បធម៌ភ្នំប្រសិទ្ធ និងភ្នំរាបផងដែរ។
តំបន់ព្រែកព្នៅ នៃខណ្ឌព្រែកព្នៅក្នុងរយៈពេលកន្លងមកនេះ បាននិងកំពុងបង្ហាញសក្តានុពលវិនិយោគជាច្រើន ជាពិសេក្នុងវិស័យអចលនទ្រព្យបើធៀប ជាមួយនឹងតំបន់ដទៃនៃទីក្រុងភ្នំពេញ។ជាងនេះទៅទៀត តំបន់ព្រែកព្នៅ អាចនឹងកា្លយជាតំបន់ដែលមានការអភិវឌ្ឍន៍ចំរុះ ដោយសារឃើញមានការអភិវឌ្ឍន៍លំនៅឋាន ការធ្វើអាជីវកម្មផ្សេងៗ និងក៏ឃើញមានវិនិយោគិនចិនចូលទៅអភិវឌ្ឍនៅតំបន់នេះដែរ។
តំបន់ព្រែកព្នៅដែលស្ថិតនៅខាងជើងឈៀងខាងលិច គឺតំបន់មួយក្នុងចំណោមតំបន់ដែលបាន និងកំពុងបង្ហាញពីសក្តានុពលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ និងមានចំងាយប្រហែល១៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីកន្លងទៅថ្មីៗនេះ ក៏បានប្រកាសគម្រោងអភិវឌ្ឍបឹងតាម៉ោក ស្ថិតនៅក្នុងសខណ្ឌព្រែកព្នៅនេះដែរ ជាកន្លែងវារីកីឡដ្ឋានប្រណាំងទូកកានូ និងរ៉ូអ៊ីង សម្រាប់ទទួលស្វាគមន៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ ក្នុងន័យទិសដៅបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍៕