ដោយ វុត្ថា
រុស្សី៖ មហាសន្និចបាតលើកទី២៣ នៃអង្គការទេសចរណ៍ពិភពលោក (UNWTI) នៅទីក្រុង Saint Peterabirg ប្រទេសរុស្ស៊ី បានឲ្យដឹងថា អង្គសន្និបាតបានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌ក្នុងវិស័យទេសចរណ៍។
យោងតាមខ្លឹមសាររបស់មហាសន្និចបាតលើកទី២៣ នៃអង្គការទេសចរណ៍ពិភពលោក (UNWTI) ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ បានឱ្យដឹងថា អនុសញ្ញានេះជាការបម្លែងពីគោលការណ៍ណែនាំស្ដីពីក្រមសីលធម៌ទេសចរណ៍ ដែលបានអនុវត្តកន្លងមក ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងពីរដ្ឋជាសមាជិក អំពីតួនាទីមិនអាចខ្វះបាននៃវិស័យទេសចរណ៍ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ក៏ដូចជាភាពថ្កុំថ្កើង និងវិបុលសុខរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។
អនុសញ្ញានេះផ្ដោតលើអនុសាសន៍ផ្ដល់ជូនរដ្ឋជាសមាជិក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដូចតទៅ៖
• ការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្ន្ងការលើកកម្ពស់ការយោគយល់ ការគោរពគ្នារវាងប្រជាពលរដ្ឋ និងសង្គមទូទាំងពិភពលោក
• វិស័យទេសចរណ៍ជាយាន្តចូលរួមបំពេញសេចក្ដីសុខសុភមង្គលរបស់បុគ្គលម្មាក់ៗ និងសហគមន៍ទាំងមូល
• វិស័យទេសចរណ៍ជាកត្តាចូលរួមក្នុងការសម្រេចចីរភាពបរិស្ឋាន
• វិស័យទេសចរណ៍ជាវិស័យប្រើប្រាស់ធនធានវប្បធម៌ និងជាវិស័យចូលរួមលើកតម្កើងវប្បធម៌
• វិស័យទេសចរណ៍ជាសកម្មភាពមានប្រយោជន៍ដល់ប្រទេស និងសហគមន៍ទេសចរណ៍
• ការទទួលខុសត្រូវនៃភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
• សិទ្ធិចូលរួមក្នុងវិស័យទេសចរណ៍
• សេរីភាពនៃការធ្វើដំណើរ
• សិទ្ធិរបស់បុគ្គលិកបម្រើការ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងសន្និបាតលើកទី២៣នេះ អង្គការទេសចរណ៍ពិភពលោក បានបង្ហាញអំពីកំណើនភ្ញៀវទេសចរពិភពលោក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ដោយទទួលបានទេសចរប្រមាណ ៦៧១លាននាក់ ក្នុងកំណើន ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោក ថោង រដ្ឋសក្តិ បានបន្តថា ក្នុងចំណោមកំណើនទេសចរដែលពិភពលោកទទួលបាននោះ រួមមាន៖ នៅតំបន់មជ្ឈិមបូព៌ាកើនឡើង ៨% នៅអាស៊ីប៉ាស៊ីហ្វិកកើនឡើង ៦% នៅទ្វីបអឺរ៉ុបកើនឡើង ៤% នៅទ្វីបអាហ្វ្រិកកើនឡើង ៣% និងនៅទ្វីបអាមេរិកកើនឡើង ២%។ រីឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីទក្សិណ និងតំបន់អាស៊ីបូព៌ា ក៏មានការកើនឡើងចាប់ពី ១-៥% ផងដែរ។
លោកអគ្គនាយកបានបន្ថែមថា កំណើនទេសចរពិភពលោក ៤% នេះ គឺស្របទៅនឹងការរំពឹងទុករបស់អង្គការទេសចរណ៍ពិភពលោក ដែលបានព្យាករណ៍កាលពីឆ្នាំមុន ហើយក៏ជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពិភពលោកទាំងមូលផងដែរ។
អង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ទៀតថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរយ៉ាងដូច្នេះ ក៏ដោយសារមានការចូលរួមពីវិស័យពាក់ព័ន្ធមួយចំនួន ដូចជា ផលិតផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើង ការជួយសម្រួលមធ្យោបាយធ្វើដំណើររបស់ទេសចរ ពិសេសគឺការធ្វើដំណើរតាមផ្លូវអាកាស គួបផ្សំនឹងថ្លៃសំបុត្រជិះយន្តហោះក៏មានភាពសមរម្យជាងមុន ហើយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ក៏ត្រូវបានសម្របសម្រួលឱ្យភាពងាយស្រួលជាងមុនផងដែរ។
ប៉ុន្តែទន្ទឹមនឹងការអបអរសាទរចំពោះកំណើននេះ អង្គការទេសចរណ៍ពិភពលោក ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ព្រមទាំងបញ្ហាមួយចំនួនដែលកើតចេញពីបដិវត្តឧស្សាហកម្ម ៤.០ ផងដែរ៕