ដោយ វុត្ថា
ភ្នំពេញ៖ កម្ពុជាតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិព័រណ៍វិថីម្ហូបអាហារជាលើកដំបូង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នៅមណ្ឌលសន្និសីទ និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
លោកច្រឡឹង សុមេធា អគ្គនាយករងគ្រប់គ្រងឧស្សាកម្មទេសចរណ៍ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍វិថីម្ហូបអាហារ WONDERFUL 28 (Lifestyle: Wine &Dine) កាលពីកន្លងមកថ្មីៗនេះថា កម្មវិធីនេះធ្វើឡើងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះក៏មានកម្មវិធីប្រគុំតន្ត្រីចូលរួមដោយសិល្បករកម្ពុជា និងបរទេសចំនួន ៣ ថ្ងៃជាប់គ្នាផងដែរ។
-->
លោកថា “នៅក្នុងការតាំងពិព័រណ៍នេះនឹងមានការចូលរួមពីស្ដង់តាំងបង្ហាញម្ហូបអាហារ និងភេសជ្ជៈ ចំនួន ៣០០ស្ដង់ ដោយក្នុងនោះមានការដាក់បង្ហាញម្ហូបអាហារ និងភេសជ្ជៈរបស់ជនជាតិខ្មែរដែលយើងរំពឹងថា នឹងមានការចូលរួមទស្សនាពីទេសចរអន្តរជាតិ និងភ្ញៀវក្នុងស្រុកប្រមាណ ២០.០០០នាក់”។
លោកបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ ម្ហូបអាហារ និងភេសជ្ជៈនេះ ស្ថិតក្នុងគោលនយោបាយក្រសួងទេសចរណ៍ដែលកំពុងរៀបចំ “វិថីម្ហូបអាហារ” ដែលជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ក៏ដូចជាការផ្សព្វផ្សាយម្ហូប អាហារខ្មែរ (ដូចជានំបញ្ចុក) ទៅកាន់ពិភពលោក សំដៅធ្វើការទាក់ទាញទេសចរអន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែច្រើន។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ លោកស្វាគមន៍ចំពោះការរៀបចំឱ្យមានការតាំងពិព័រណ៍វិថីម្ហូបអាហារនេះ តែវាត្រូវការចំណាយលុយ និងពលកម្មច្រើននៅក្នុងការរៀបចំ ហើយមិនសូវមានការទាក់ទាញទៀតផងដែរ។
លោកបានផ្តល់យោបល់ថា រដ្ឋាភិបាលលគួរតែរៀបចំគោលនយោបាយឱ្យបានច្បាស់លាស់ក្នុងជ្រើសរើសទីតាំងណាមួយនៅក្នុងទីក្រុងភ្នំពេញដូចជាផ្សារទួលទំពូង ផ្សារអូរឬស្សី និងផ្សារកណ្តាលក្នុងរៀបចំវិថីម្ហូបអាហារគំរូ ទើបជាការការល្អប្រសើរជាងការរៀបចំពិព័រណ៍។

លោកបានសារទរចំពោះរដ្ឋាភិបាលដែលបានគិតគូរៀបចំឱ្យមានវិថីម្ហូបអាហារនេះ នៅតាមបណ្តាខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា ព្រោះវិថីម្ហូបអាហារ មានប្រជាប្រិយភាពណាស់នៅតាមបណ្តាទេសជាច្រើនដូចជាប្រទេសថៃ តៃវ៉ាន់ និងកូរ៉េជាដើម ហើយបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនា និងបានញាំម្ហូបអាហារដែលផលិតនៅក្នុងស្រុក។
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងគណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីកន្លងទៅថ្មីៗនេះ បានដាក់ចេញឱ្យមានការប្រកួតប្រជែងគូរប្លង់ស្ថាបត្យកម្ម “វិថីលក់ម្ហូបអាហារ “ Street Food នៅក្នុងខេត្តជាប់ឆ្នេរចំនួន២គឺខេត្តកែប និងខេត្តកំពត ដើម្បីបង្កើនគុណភាព និងភាពទាក់ទាញលើវិស័យទេសចរណ៍៕