ដោយៈ រ៉ាណេត
ភ្នំពេញៈ អគារលំនៅដ្ឋានសហសម័យ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះលំដាប់អន្តរជាតិមានកម្ពស់ជិត១៥០ម៉ែត្រ ក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន និងមានប្រភពមកពីទីក្រុងសៀងហៃ នឹងបង្ហាញខ្លួននៅចំកណ្តាលតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅត្រឹមឆ្នាំ២០២២ ខាងមុខនេះ។
អគារលំនៅដ្ឋានសហកម្មសិទ្ធិ និងមណ្ឌលពាណិជ្ជកម្មចំរុះដ៏ទំនើបរបស់ចិនមួយទៀត ដែលមានឈ្មោះថា Vue Aston កម្ពស់៣៨ជាន់ ស្មើ១៤៥ម៉ែត្រ នឹងត្រូវសាងសង់នៅត្រឹមចុងឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ ស្ថិតនៅលើផ្ទៃដីទំហំ
៥៧,០០០ម៉ែត្រការ៉េ ក្រោមទុនសរុបប្រមាណ១០០០លានដុល្លារ។ គម្រោងនេះ ត្រូវបានវិនិយោគពីសំណាក់ក្រុមហ៊ុនដ៏ល្បីឈ្មោះនៅទីក្រុងសៀងហៃ ប្រទេសចិនមានឈ្មោះថា The Peninsula Capital។
-->
មានប្រសាសន៍នៅក្នុងវេទិការអភិវឌ្ឍទីក្រុង ឆ្នាំ២០៣០ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី Deng Wang Fang នាយិកាប្រតិបត្តិក្រុមហ៊ុន The Peninsula Capital បានលើកឡើងថា កម្ពុជានាពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ និងសំណង់ បានដើរតួនាទីយ៉ាងសំខាន់ប្រចាំប្រទេស ហើយក៏ជាគោលដៅនៃការវិនិយោគពីសំណាក់បណ្តាក្រុមហ៊ុនអន្តរជាតិនានា ដើម្បីទទួលបានផលប្រយោជន៍ផងដែរ។
លោកស្រីបានបន្តទៀតថា “ពេលនេះមានក្រុមហ៊ុនអន្តរជាតិជាច្រើន កំពុងតែមានភាពមមាញឹក ក្នុងការធ្វើជំនួញផ្នែកសំណង់នៅកម្ពុជា ជាពិសេសក្រុមហ៊ុនចិន ក៏ព្រោះពួកគេសំឡឹងឃើញពីភាពល្អប្រសើរនៃវិស័យមួយនេះ”។លោកស្រីបន្តថា “ដោយសារតែមើលឃើញពីឱកាសដ៏ល្អទាំងនេះហើយ ទើបក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគលើគម្រោង Vue Aston ស្ថិតនៅតំបន់កោះនរាណ៍ ”។
ហេតុផលសំខាន់មួយដែលក្រុមហ៊ុន The Peninsula Capital សម្រេចជ្រើសយកតំបន់កោះនរាណ៍ ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ សាងសង់អាគារបែបទំនើប Vue Aston ដោយសារតែនៅកណ្តាលរាជធានីភ្នំពេញមានភាពចង្អៀត សប្បូរទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ជាពិសេសតម្លៃដីធ្លីមានកម្រិតខ្ពស់ ហើយក៏មិនសូវមានដីទំនេរច្រើន ដែលផ្តល់ផលពិបាកក្នុងការអភិវឌ្ឍ។

លោកស្រី Deng Wang Fang បានបន្តទៀតថា “ម៉្យាងទៀតតំបន់កោះនរាណ៍មានទីតាំងល្អ សមស្របចំពោះវិស័យលំនៅដ្ឋាន។ ស្ថិតនៅក្បែរទន្លេ ដែលមានខ្យល់អាកាសល្អបរិសុទ្ធ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងមានការអភិវឌ្ឍមិនចាញ់កណ្តាលក្រុងភ្នំពេញនោះទេ”។

នៅក្នុងតំបន់កោះនរាណ៍ ដែលស្ថិតនៅក្នុងសង្កាត់នរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក្រៅពីគម្រោងថ្មីនៃអគារខុនដូកម្ពស់១៤៥ម៉ែត្រ ខាងលើមួយនេះ ក៏មានគម្រោងខុនដូផ្សេងទៀត កំពុងតែបន្តការសកម្មភាពសាងសង់ផងដែរ ដូចជាគម្រោងអគារ One Central Power ដែលមានកម្ពស់ប្រមាណ៣៨ជាន់ ចំនួន៥អគារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន BIC Group។
លោក ប៉ែន សុភា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានបង្ហាញពីការសាទរចំពោះវត្តមានថ្មី នៃអគារពាណិជ្ជកម្មចំរុះមួយនេះ ដោយលោកបានមានប្រសាសន៍ថា វាជារឿងល្អចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើវិស័យសំណង់ទំនើបៗ។
លោកបន្តថាបច្ចុប្បន្ននេះ ចំពោះតំបន់ជាប់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ បាននិងកំពុងតែមានភាពទាក់ទាញខ្លាំង ដោយសារតែវានៅមិនឆ្ងាយពីក្រុង ហើយមានលំហូរនៃចំនួនប្រជាសាស្ត្រ ដែលកម្រិតជីវភាពមធ្យម និងលើមធ្យមចូលទៅរស់នៅទីនេះច្រើន ជាពិសេសជាបណ្តុំនៃបុរី សំណង់លំនៅដ្ឋានច្រើន ហើយមិនលើសពីរយៈពេល៣ទៅ៤ឆ្នាំទៀតនោះទេ តំបន់នេះនឹងកាន់តែមានភាពទាក់ទាញខ្លាំងជាងនេះទៀត៕