ស្ពាន​បា​ឡេ​ឫស្សីកែវ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ព្រឹក​នេះ​ បន្ទាប់ពី​ជួសជុល​រួច​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ស្ពាន​បា​ឡេ​ឫស្សីកែវ​បាន​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចាប់ពី​វេលា​ម៉ោង ៧ព្រឹក​តនេះ​ បន្ទាប់ពី​អជ្ញា​ធរ​បាន​ធ្វើការ​ជួសជុល​ស្ពាន​នេះ​បញ្ចប់​រួចរាល់​។

លោក​ សាំ​ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃទី​ ១៥​ ម្សិលមិញ​នេះ​ថា​ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិស្វករ​ និង​បងប្អូន​កម្មករ​ការដ្ឋាន​ទាំង​ថ្ងៃ​ ទាំងយប់​ មកដល់ពេលនេះ​ ការ​ជួសជុល​ស្ពាន​បាឡេ​បាន​បញ្ចប់​រួចរាល់​ហើយ​ និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​វេលា​ម៉ោង ៧ព្រឹក​តនេះ​ ។

លោក​បន្ត​ថា​ បងប្អូន​ប្រជាពលរដ្ឋ​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​បាឡេ​ប្រកបដោយ​សេចក្តី​រីករាយ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ហើយ​សង្ឃឹមថា​ ស្ពាន​ជ្រោយចង្វា​រដែ​លក​កស្ទះ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ នឹង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ ហើយ​វិល​មករ​កភាព​ប្រក្រតី​ឡើងវិញ​។

សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ នូវ​ស្ពាន​បា​ឡេ​នេះ​ កាលពី​ថ្ងៃទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បន្ទាប់ពី​មាន​សាឡង់​ របស់​ក្រុមហ៊ុន​សា​វី​មិច​ បើក​ប៉ះទង្គិច​កាលពី​ម៉ោង៣រសៀល​ថ្ងៃទី១០​ ខែកញ្ញា​ម្សិលមិញ​។

ស្ពាន​បា​ឡេ​ថ្មី​ ឆ្លងកាត់​ទន្លេសាប​ ពី​ចំណុច​ឃ្លាំង​ស្តុក​ប្រេង​សូ​គី​ម៉ិច​ ផ្លូវជាតិ​លេខ៥​ ក្នុង​ខណ្ឌឫស្សីកែវ​ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ ទីក្រុង​រណប​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ត្រូវ​បាន​បើក​សម្ពោធ​ដាក់ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ​ កាលពី​រសៀល​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៨​ ក្រោយពី​បាន​ដំណើរការ​សាងសង់​ អស់​រយៈពេល៦ខែ​ កន្លងមក​នេះ​។

ស្ពាន​បា​ឡេ​ថ្មីនេះ​មាន​ទទឹង១២ម៉ែត្រ​ និង​បណ្ដោយ៥០០ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន៩លាន​ដុល្លារ​ ប្រើ​ពេល​សាងសង់៦ខែ​។ ពេល​ដំណើរការ​ រថយន្ត​ទម្ងន់​លើស​ពី១៥តោន​ និង​មាន​កម្ពស់​លើស​ ២,៨ម៉ែត្រ​ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here