ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍បរទេស ប្រមាណ៥,៧លាននាក់នៅឆ្នាំ២០១៧នេះ ខណៈដែលវិស័យឯកជនបានយល់ស្រប ដោយសារលំហូរភ្ញៀវទេសចរណ៍ចិនបានកើនឡើងយ៉ាងគំហុក។

-->
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់នៅតំបន់កំបូលនាព្រឹកថ្ងៃទី១៨ តុលានេះ សម្តេចតេជោបានថ្លែងថា នៅឆ្នាំ២០១៧នេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍បរទេស៥,៧លាននាក់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកទិត្យ ចាន់ថាបានយល់ស្របនឹងការលើកឡើងរបស់សម្តេចតេជោ ដោយឯកឧត្តមបានថ្លែងថា ប្រសិនជាយើងមើលពីកំនើនភ្ញៀវទេសចរណ៍ឆ្នាំនេះ យើងអាចសម្រេចបានតាមអ្វីដែលសម្តេចបានលើកឡើង ដោយសាររយៈពេល៧ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៣លាននាក់ ស្មើនឹងកំនើនប្រមាណ១៣ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា “ឆ្នាំនេះកម្ពុជាទទួលបានកំនើនភ្ញៀវច្រើន ពិសេសក្នុងរដូវសម្បូរភ្ញៀវទេសចរណ៍ ក្រសួងបានសង្កេតឃើញភ្ញៀវទេសចរណ៍អន្តរជាតិកើន ឡើងខ្ពស់ ហេតុនេះយើងសង្ឃឹមថានឹងសម្រេចបាននូវគោលដៅ។
ក្រសួងទេសចរណ៍បានពន្យាករណ៍កាលពីដើមឆ្នាំនេះថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាយិ៥,៤លាននាក់ ខណៈកាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៥លាននាក់។
ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាលោក ធួន ស៊ីណាន បានថ្លែងថា ផ្អែកតាមអ្វីដែលសម្តេចលើកឡើង និងតួលេខជាក់ស្តែង លោកយល់ស្របនឹងការលើកឡើងរបស់សម្តេច ដោយសារភ្ញៀវទេសចរណ៍ចិន បានកើនឡើងយ៉ាងគំហុកនៅខេត្តព្រះសីហនុ ដែលពិបាករកបន្ទប់សម្រាកជារៀងរាល់ពេល ហើយគោលដៅទេសចរណ៍ដទៃទៀត ក៏ភ្ញៀវទេសចរណ៍ចិន និងភ្ញៀវអន្តរជាតិដទៃទៀតកើនឡើងផងដែរ។
អ្នកជំនាញទេសចរណ៍មួយរូបបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា កម្ពុជាពិតជាសម្រេចបានកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ តែតួលេខនៃកំនើនគួរសិក្សាឡើងវិញ ដោយសារមានការត្អូញត្អែរពីម្ចាស់សណ្ឋាគារ ក្រុមហ៊ុនដឹកជញ្ជូននានានៅខេត្តសៀមរាប ពីភាពស្ងប់ស្ងាត់របស់ភ្ញៀវទេសចរណ៍អន្តរជាតិនានា ក្នុងពេលដែលរដូវសម្បូរភ្ញៀវបានមកដល់ ប៉ុន្តែការមកដល់ចំនួនភ្ញៀវទេសចរណ៍ជាក់ស្តែងបានថយចុះ ធៀបនឹងឆ្នាំមុន។
លោកបន្តថា “វិស័យឯកជនចង់ឲ្យមានការអង្គុយចុះរួមគ្នា ពិនិត្យមើលទាំងអស់គ្នាជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ឋ ដើម្បីពិនិត្យបញ្ហាជាក់ស្តែង និងរកដំណោះស្រាយរួមគ្នា”៕