ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កើន​ដល់​ទឹកប្រាក់​ជិត​ ៦០០០លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ទំហំ​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់​ទឹកប្រាក់​សរុប​ប្រមាណ ៦០០០លាន​ដុល្លារ​អាមេរិក​ នៅ​លើ​គម្រោង​វិនិយោគ​ថ្មី​ប្រមាណ​ជាង៣ពាន់​គម្រោង​ ដែល​មានផ្ទៃ​ក្រឡា​ប្រមាណ​ជាង ១២​,២លាន​ម៉ែត្រការ៉េ​។

តាម​របាយការណ៍​ បង្ហាញ​ដោយ​នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បង្ហាញ​ឲ្យដឹង​ថា​ គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ គិត​មកដល់​ត្រឹម​ ខែសីហា​ឆ្នាំ២០១៩នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុញ្ញាត​លើ​សំ​ណើរ​សុំ​សាងសង់​ សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ៣១៧៥គម្រោង​ ក្នុង​នោះ​ មានតម្លៃ​នៃ​ទំហំ​វិនិយោគ​នៅ​លើ​វិស័យ​នេះ​ សរុប៥៩៨៦លាន​ដុល្លារ​អាមេរិក​ ដោយ​វិនិយោគ​ នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង
១២​,២លាន​ម៉ែត្រការ៉េ​។

គំរោង​វិនិយោគ​នេះ​ ត្រូវ​បាន​បែងចែក​តាម​សំ​ណើរ​សុំ​សាងសង់​តាម​ប្រភេទ​នី​មួយ​ៗរួមមាន​ សំណង់​សាធារណៈ​មាន​ប្រមាណ៥៦គម្រោង​ ការប្រើ​ប្រាស់​ថវិកា​រដ្ឋាភិបាល​មាន១៨​ គម្រោង​ ថវិកា​វិស័យ​ឯកជន៣៦គម្រោង​ ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​ជាង២ពាន់​គម្រោង​ សំណង់​ឧស្សាហកម្ម១៣៨គម្រោង​ សំណង់​ពាណិជ្ជកម្ម១៧៦គម្រោង​ សំណង់​ទេសចរណ៍៨២គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន១៨គម្រោង​ផង​ដែរ​។

ចំណែក​ពាក់ព័ន្ធ​ផ្ទៃក្រឡា​ ដែល​ផ្តល់​ការ​អនុម័ត​ដោយ​មន្ទីរ​មាន​ចំនួន​ជាង១លាន​ ៧សែន​ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​ មាន​ចំនួន​ជាង១០លាន​ម៉ែត្រការ៉េ​។

តាម​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២០​ វិស័យ​សំណង់​ត្រូវ​បាន​ព្យាករ​ថា​ នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា​រង្វង់១៧​,៥% នៅក្នុង​ឆ្នាំ២០១៩​ និង១៦​,១% នៅក្នុង​ឆ្នាំ២០២០​ ក្នុង​នោះ​មានការ​រំពឹង​ទុក​ នៃ​ការ​កើនឡើង​អាគារ​លំនៅឋាន​ដែល​មានតម្លៃ​ទាប​ និង​មធ្យម​ ព្រមទាំង​សំណង់​អគារ​ពាណិជ្ជកម្ម​ជំនួស​ឲ្យ​កំណើន​យឺត​ នៃ​សំណង់​អគារ​លំនៅឋាន​ដែល​មានតម្លៃ​ខ្ពស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here