លោក ច្រឹក សុខនីម / លោកស្រីអាន សុធីតា / លោក ម៉ម សិរីបញ្
ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថាចាប់តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ចរន្តនៃការទិញ-លក់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រសើរ បើទោះបីមានសេចក្តីរាយការណ៍ថា មានជនជាតិចិនមួយចំនួនបានសម្រេចចាក់ចេញពីប្រទេសកម្ពុជា ដោយសារបំរាមនៃការលេងល្បែងអនឡាញពីសំណាក់របស់ រដ្ឋាភិបាលយ៉ាងណាក្តី។

-->
នាយិការក្រុមហ៊ុន CBRE ប្រចាំនៅក្នុងប្រទេសកម្ពុជា លោកស្រីអាន សុធីតាបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា សម្រាប់ចរន្តនៃការទិញ-លក់នអចលនទ្រព្យនៅតែមានស្ថានល្អប្រសើរដដែល ជាពិសេសតម្រូវការទីផ្សារនៅក្នុងរាជធានីភ្នំពេញនេះគឺពុំមានហានីភ័យនោះទេ តែសម្រាប់នៅក្នុងក្រុងកំពង់សោម អាចមានផលប៉ះពាល់ខ្លះ ឬនៅទ្រឹងក្នុងរយៈពេលខាងមុខនេះ ដោយសារមានការបិតល្បែងអនឡាញ។
លោកស្រីរំពឹងថា “ចរន្តនៃការទិញ-លក់អចលនទ្រព្យនេះ នឹងនៅតែល្អប្រសើរដដែលរហូតដល់ឆ្នាំនេះ ព្រោះមានវិនិយោគិននៅតែមកស្វែងរកឪកាសវិនិយោគ នៅក្នុងទីក្រុងភ្នំពេញ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងនៅតាមបណ្តាខេត្តក្រុងនានានៃប្រទេសកម្ពុជា”។
ចំណែកលោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងដែរថា ជារួមចរន្តនៃការទិញ-លក់អចនទ្រព្យនៅក្នុងប្រទេសតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះនៅតែល្អប្រសើរ បើទោះបីមានការចាកចេញរបស់ជនជាតិចិនក៏ដោយ ព្រោះអ្នកដែលចាកចេញពីប្រទេសកម្ពុជាមានចំនួនតិចតួចប៉ុណ្ណោះ។
លោកថា យ៉ាងណាក៏ដោយការចាកចេញនៃជនជាតិចិននេះ វាអាចមានផលប៉ះពាល់បន្តិចបន្តួច ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ អ្នកលក់ក៏មិនទាន់មានការប្រកាសលក់ ព្រោះគេទុកលក់អោយជនជាតិចិន ហើយសម្រាប់អ្នកដែលប្រកាសដាក់លក់ ស្ថិតនៅក្នុងតំលៃថ្លៃនៅតែមានធម្មតា សម្រាប់ទីតាំងដែលជាតំបន់មានសក្តានុពលខ្ពស់។
លោកម៉ម សិរីបញ្ញាបានបន្តថា អ្នកវិនិយោគនៅតែរំពឹងថា អ្នកវិនិយោគិនចិននៅតែបន្តមកស្វែងរកឪកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជាដដែល ដោយសារតែកម្ពុជាគឺជាទីតាំងយុទ្ធសាស្ត្រ និងមានសក្តានុពលខ្ពស់ ហើយទំហំទឹកលុយវិញក៏ស្ថិតនៅក្នុងកម្រិតទាបសម្រាប់អ្នកវិនិយោគទាំងនោះដែរ ហើយស្ថានភាពនេះ នៅតែបន្តរក្សាទៅមុខរហូត ដោយមិនបកក្រោយនោះទេ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃអចនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានអះអាងដែរថា រហូតមកដល់ពេលនេះ ចរន្តនៃការទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែប្រព្រឹត្តិទៅជាធម្មតានដោយមិនមានអ្វីប្រែប្រួលនោះទេ។

លោកបន្ត “ការចាកចេញរបស់ជនជាតិចិន ក្នុងរយៈពេលកន្លងមកនេះ ក៏មិនប៉ះពាល់ដល់ការទិញ-លក់អចលនទ្រព្យនោះដែរ ហើយស្របពេលជាមួយគ្នានេះក៏មានជនជាតិចិនខ្លះចូលមកស្វែងរកឪកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ”។
លោកសុខនីមបាបបន្តថា ជាមួយគ្នានេះដែរការទិញ-លក់ពីសំណាក់ជនជាតិខ្មែរដែលកំពុងរកស៊ីក្នុងវិស័យនេះច្រើនផងដែរ ហើយការចាកចេញរបស់ជនជាតិចិននេះ ក៏មានផលប៉ះពាល់លើសេវាកម្មជួលខ្លះផងដែរ តែយ៉ាងណាក៏ដោយមិនមានការព្រួយបារម្ភខ្លាំងពេកដែរ៕