ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​បញ្ចប់​ហើយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​ខេត្តកណ្តាល​បាន​អះអាង​ថា​ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​ចប់​ ខណៈ​ដែល​ថ្នាក់​ជាតិ​បានសម្រេច​ទទួលស្គាល់២​ ​ថ្នាក់​ខេត្ត​ទទួលស្គាល់១​ និង​ផ្សេងទៀត​មិនទាន់​បានសម្រេច​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ថា​ កន្លងមក​នេះ​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​តាខ្មៅ​ និង​ស្រុក​កោះធំ​ត្រូវ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កម្រិត​ថ្នាក់​ជាតិ​ ហើយ​មួយទៀត​ទទួល​កម្រិត​ថ្នាក់​ខេត្ត​ គឺ​ស្រុក​កៀនស្វាយ​ ក្រៅពីនោះ​មិនទាន់​បានសម្រេច​ទទួលស្គាល់​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ការចុះបញ្ជី​កន្លងមក​ និង​បច្ចុប្បន្ន​ ត្រូវ​បាន​អនុវត្ត​តាម​ផែនការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ហើយ​ ដោយសារតែ​វា​ជា​តម្រូវការ​របស់ក្រ​សួង​ ទាំង​ការ​ចេញ​បណ្ណ​ និង​ ផ្ទេរ​ប្លង់​រឹង​ និង​ទន់​ក៏​ត្រូវ​មាន​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ដែរ​ កុំ​អោយ​មានការ​ប្រឈម​នា​ពេល​អនាគត​”។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តបាន​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ ខេត្ត​នឹង​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ធ្វើ​វេទិកា សាធារណៈ​បន្ថែម​ទៀត​ ​ព្រោះ​កន្លងមក​នេះ​ មាន​បញ្ហា​ជាមួយ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ដែល​ពួកគាត់​មិនទាន់​យល់​ច្បាស់​ និង​មិន​គាំទ្រ​លើ​ការរៀបចំ​របស់​អជ្ញា​ធរ​។

លោក​បាន​បន្ត​ថា​ “ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការគាំទ្រពីអភិបាលនៃគណអភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភារុណ សម្រាប់ខេត្តកណ្តាល​ត្រូវបាន​ធ្វើ​ការសិក្សា​សព្វគ្រប់​អស់ហើយ​ នូវ​គ្រប់​ក្រុង​ និង​ស្រុក​ ហើយ​យើង​បាន​នឹង​កំពុង​រៀបចំ​ធ្វើ​វេទិកា​ និង​ការ​កែសម្រួល​សម​ហរ​ណកម្ម​ជាមួយនឹង​ការចុះបញ្ជី​ ព្រោះ​កាលពី​លើក​មុន​យើង​ធ្វើ​ដាច់ដោយឡែក​ តែ​ឥឡូវ​យើង​បញ្ចូល​គ្នា​ ទាំង​ប្លង់​គោល​ និង​ការចុះបញ្ជី​ផង​ដែរ​”។

ខេត្តកណ្តាល​មាន​ក្រុង​ និង​ស្រុក​ចំនួន១១នៅ​ទូទាំង​ខេត្ត​ ខណៈ​ការរៀបចំ​ប្លង់​គោល​មាន​សារៈសំខាន់​ណាស់​ ដើម្បី​រៀបចំ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ណាមួយ​ ឲ្យ​មាន​ភាព​សមស្រប​ នឹង​ការ​រីកចម្រើន​សេដ្ឋកិច្ច​សង្គម​ ក៏ដូចជា​ធ្វើឲ្យ​សហគមន៍​មានការ​អភិវឌ្ឍ​មាន​ភាព​របៀបរៀបរយ​។

លោក​បន្ត​ថា​ “ការរៀបចំ​ប្លង់​គោល​បាន​កំណត់​តំបន់​ណាមួយ​ នឹង​ត្រូវ​ប្រើប្រាស់​ជា​តំបន់​លំនៅ​ដ្ឋាន​ តំបន់​ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម​ និង​តំបន់កសិកម្ម​ជាដើម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here