ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាននិងកំពុងវិនិយោគរមណីយដ្ឋានទេសចរណ៍នៅតំបន់ត្រពាំងរូង ឃុំត្រពាំងរូង ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង ដែលជាតំបន់មានភាពអំណោយផលបំផុតលើវិស័យអេកូទេសចរណ៍។

ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាននិងកំពុងវិនិយោគរមណីយដ្ឋានទេសចរណ៍នៅតំបន់ត្រពាំងរូង ឃុំត្រពាំងរូង ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង ដែលជាតំបន់មានភាពអំណោយផលបំផុតលើវិស័យអេកូទេសចរណ៍។

ជាមួយនឹងភាពអំណោយផលនៃធនធានធម្មជាតិ មានព្រែកទឹកថ្លាយ៉ង់ ដើមឈើខៀវស្រងាត់ និងទឹកជ្រោះថ្លាយ៉ង់ បច្ចុប្បន្ននេះក្រុមអ្នកវិនិយោគជាតិ និងអន្តរជាតិបាននិងកំពុងសាងសង់ផ្ទះសំណាក់ ផ្ទះតង់ និងបឹងហ្កាឡូជាច្រើន ដើម្បីជួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេស នៅក្នុងសហគមន៍អឺរ៉ុប ដែលចូលចិត្តទស្សនា និងកំសាន្តនៅតាមរមណីយដ្ឋានធម្មជាតិ។
លោកម៉ម សិរីបញ្ញាអគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltdដែលកំពុងវិនិយោគរមណីយដ្ឋានឋានសួគ៌ត្រពាំងរូង ស្ថិតក្នុងឃុំត្រតពាំងរូងលើផ្ទៃដីជិត៥ហិកតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ កញ្ញានេះថា តំបន់ត្រពាំងរូង ស្ថិតនៅក្នុងតំបន់ដែលក្រសួងទេសចរណ៍រៀបចំ ជាគោលដៅទេសចរណ៍បែបធម្មជាតិ ហើយតំបន់នេះមិនត្រឹមតែល្បីល្បាញនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែមានភាពល្បីល្បាញតាំងពីដើមទសវត្សរ៍ទី៥០ ដោយសារអ្នកនិពន្ឋសម័យដើមបាននិពន្ឋបទចម្រៀង “ដៃសមុទ្រត្រពាំងរូង”យ៉ាងពិរោះលន្លង់លន្លោច ដោយរៀបរាប់ពីទិដ្ឋភាព និងភាពស្រស់ត្រកាលនៃតំបន់ខាងលើនេះ។
លោកបន្តថា“តំបន់ត្រពាំងរូងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណីត ជាក់ស្តែងបច្ចុប្បន្នអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាន និងកំពុងចូលទៅវិនិយោគលើរមណីយដ្ឋានកែច្នៃជាច្រើន ដើម្បីប្រែក្លាយតំបន់នេះជាឋានសួគ៌ធម្មជាតិមួយ”។លោកបន្តថា “ដោយសារមើលឃើញភាពអំណោយផលនេះហើយ ទើបខ្ញុំបាននិងកំពុងវិនិយោគគំរោងដីរមណីយដ្ឋាននៅតំបន់នេះ ដែលជាតំបន់កំពុងមានសក្តានុពលលើផ្នែកភូមិសាស្រ្ត មានសក្តានុពលលើធនធានធម្មជាតិ និងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគកូរ៉េ បារាំង អាល្លឺម៉ង់ជប៉ុនជាដើម”។
ជាមួយនឹងលក្ខណៈអំណោយផលផ្នែកភូមិសាស្រ្ត តំបន់ត្រពាំងរូងក៏មានទីតាំងនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមានព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកោះកុង គំរោងលំនៅដ្ឋានវិស្សមកាល គំរោងសាងសង់កំពង់ផែអន្តរជាតិ និងគំរោងវិនិយោគសេវាកម្មបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន Union Development Group ដែលគ្រោងបោះទុន ៤០០០លានដុល្លារនៅតំបន់នេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានថ្លែងថា កោះកុង ពិតជាមានលក្ខណៈពិសេសជាងគេ ក្នុងចំណោមខេត្តដែលស្ថិតនៅជាប់តំបន់ឆ្នេរ ដោយសារតែភាពអំណោយផលនិងសក្តានុពល នៃធនធានធម្មជាតិនៅក្នុងខេត្តនេះ ដែលមិនទាន់ទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកស្រីបន្តថា “តំបន់តាតៃ អណ្តូងទឹក ត្រពាំងរូង សុទ្ឋតែមានសក្តានុពលក្នុងការរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដែលបច្ចុប្បន្នធនធានធម្មជាតិទាំងនោះ នៅមានលក្ខណៈថ្មី មិនទាន់មានការបំផ្លិចបំផ្លាញនៅឡើយ”។ លោកស្រីបន្តថា “ខេត្តកោះកុងជាខេត្តដែលមានភាពសម្បូរបែប នៃធនធានធម្មជាតិ និងទេសចរណ៍ដ៏លេចធ្លោ ដែលរដ្ឋាភិបាល និងវិស័យឯកជន គួរទាញយកមកប្រើប្រាស់ឲ្យអស់សក្តានុពល ដើម្បីទាញយកចំណូលបង្កើនកំនើនសេដ្ឋកិច្ចជាតិ”។

អនុប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងជាសមាជិកសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកជឹង សុខម៉េងបានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ត្រពាំងរូងជាតំបន់ដែលមានទឹកជ្រោះ ដងព្រែកដ៏ស្រស់ស្អាត និងព្រៃព្រឹក្សាដ៏ទាក់ទាញ ហើយអ្នកវិនិយោកក្នុងស្រុក និងអន្តរជាតិបាននិងកំពុងចាប់អារម្ម ណ៍នៅតំបន់នេះ។

លោកបន្តថា បើសិនជាមានការវិនិយោគរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិនៅតំបន់នេះ ពិតជាប្រសើរណាស់ ហើយខ្ញុំគាំទ្រ ដោយសារព្រែកនិងធម្មជាតិដ៏ល្អនៅតំបន់នេះ”។ លោកបន្តថា “ ទេសភាពនៅតំបន់នេះស្រស់ស្អាតណាស់ ហើយបើធ្វើដំនើរតាមផ្លូវទឹកមកកាន់ទីរួមខេត្ត ស្រែអំបិល និងកោះស្មាច់ គឺមានចម្ងាយជិត ពោលគឺតំបន់នេះពិតជាមានសក្តានុពលទេសចរណ៍”។

លោកជឹង សុខម៉េងបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកោះកុងមានការអភិវឌ្ឍច្រើន លើគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់តារាសាគរ ពិសេសព្រលានយន្តហោះខេត្តកោះកុងថ្មី នឹងបើកដំណើរការនៅចុងឆ្នាំនេះ ហើយនៅពេលព្រលានេះបើកដំណើរការ ខេត្តកោះកុងនឹងមានភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត៕
