ដោយ រ៉ាណេត
ឧត្តរមានជ័យៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាល បាននិងកំពុងតែយកចិត្តទុកដាក់ពន្លឿន ក្នុងកិច្ចការជួសជុលកែលម្អរ ផ្លូវជាតិសំខាន់ៗចំនួន៨ខ្សែ នៅទូទាំងប្រទេស ព្រមគ្នាជាមួយនឹងផ្លូវសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ផ្សេងទៀតដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ រួមជាមួយនឹងស្ពានឆ្លងដងទន្លេជាច្រើនកន្លែងទៀតផងដែរ។

-->
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកងទ័ពការពារព្រំដែនគោកលេខ៤០២ ស្ថិតនៅតំបន់អូរស្មាច់ និងលេខ៤០៣ នៅតំបន់អន្លង់វែង ចំណុះយោធភូមិភាគទី៤ខេត្តឧត្តរមានជ័យថា ភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ ចាំបាច់ត្រូវតែពឹងផ្អែកទៅលើវិស័យដឹកជញ្ជូនជាចាំបាច់។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះគម្រោងដែលកំពុងតែអភិវឌ្ឍន៍ និងគម្រោងសម្រាប់ពេលអនាគតធំៗ មួយចំនួនទាក់ទងនឹងវិស័យសាធារណការ។ នៅក្នុងគម្រោងទាំងនោះរួមមាន ការស្ដារការពង្រីក និងការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១០ ពីសំឡូតទៅកោះកុង ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ផ្លូវដែកទាំងពីរខ្សែ ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ ការសិក្សាពង្រីកកំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងផែនការមេភស្តុភារកម្មផងដែរ សំដៅសម្រួលដល់ការដឹកជញ្ជូន និងមានតម្លៃប្រកួតប្រជែង។
លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា ពេលនេះក្រសួងបានធ្វើការកែទម្រង់សេវាសាធារណៈ ដោយប្រើយន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបើកឱ្យមានមណ្ឌលផ្ដល់សេវាសាធារណៈយ៉ាងទូលាយ ដូចជា នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ការបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ តាមរយៈឆៀកចល័តនៅតាមបណ្ដាខេត្ត ដែលមិនទាន់មានមណ្ឌលឆៀកជាដើម សំដៅផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងឱ្យមានតម្លាភាព។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ថា វិស័យសាធារណការ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល ហើយក្រសួងសាធារណការ និងដឹកជញ្ជូនមានភារកិច្ចក្នុងការអភិវឌ្ឍវិស័យនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រសួងមិនអាចសាងសង់ផ្លូវ ស្ពាន និងកំពង់ផែបានទេ ប្រសិនបើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ។

លោកបន្ថែមថា ដូចនេះ អ្នកទាំងអស់គ្នាត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ព្រោះថាសុខសន្តិភាពនាំឱ្យសេដ្ឋកិច្ចមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ កសាងនិងអភិវឌ្ឍប្រទេស ទាក់ទាញវិយោគិនបរទេស និងទេសចរណ៍ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើតទីផ្សារលក់ផលិតផលយើងនៅបរទេស និងសកម្មភាពពាណិជ្ជកម្មផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ៕