ដោយ៖ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានធ្វើការព្រមានក្រុមឈ្មួញ និងក្រុមអ្នកលក់ដីឡូត៍ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានទន្រ្ទានដីរបស់រដ្ឋ និងជាដីអភិរក្ស។

ដោយ៖ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានធ្វើការព្រមានក្រុមឈ្មួញ និងក្រុមអ្នកលក់ដីឡូត៍ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានទន្រ្ទានដីរបស់រដ្ឋ និងជាដីអភិរក្ស។

យោងតាមសេចក្ដីជូនដំណឹងដែលគេហទំព័រ Propertyarea.asia ទើបតែទទួលបានមុននេះបន្តិចបានឱ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន បាននិងកំពុងតែប្រព្រឹត្តបទល្មើល ដោយការកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ និងលក់បន្តទៅឱ្យបុគ្គលបន្ទាប់ក្រោមរូបភាពពុះជាដីឡូតិ៍ ជាពិសេសស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលស្ថិតក្នុងតំបន់រដ្ឋាភិបាលហាមឃាត់។
តាមរយៈសេចក្ដីប្រកាសព៌តមាន ដែលបានចេញមុននេះបន្តិចបានលើកឡើងថា ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប់ថា កន្លងមកនេះ មានជនខិលខូចបានទន្ទ្រានកាន់កាប់ខុសច្បាប់ដី ស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបានយកទៅរៀបចំជាដីឡូតិ៍លក់។ ដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩.៦០០ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើបា្រស់ច្រើនយ៉ាង សំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រានទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ។ ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋនៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាការជៀសវាងពីហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច មុននឹងសម្រេចចិត្តទិញដីឡូតិ៍ខាងលើនេះ សូមសាធារណៈជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា ទី១ ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូតិ៍ ឬជារបស់អ្នកផ្សេង)។ ទី២ វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ (មានជាប់បន្ទុក ឬអត់) ទី៣ លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច
ទី៤ ឯកសារបង់ពន្ធអចលនទ្រព្យ ទី៥ បណ្ណបំបែកក្បាលដី និងទី៦ ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
អាស្រ័យដូចនេះ សូមសាធារណជនដែលមានបំណងទិញដីឡូតិ៍ គួរសិក្សាលម្អិតពីចំណុចសំខាន់ៗទាំងអស់នេះមុនពេលសម្រេចចិត្តទិញ៕
