ដោយៈ រ៉ាណេត
កណ្តាលៈ មន្រ្តីជំនាញផ្នែកដែនដី និងនគរូបនីយកម្មបានរៀបចំប្លង់គោលយ៉ាងពិសេស សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាអភិវឌ្ឍនៅទូទាំងស្រុក ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ ការប្រមូលផ្តុំដោយវិស័យរោងចក្រ សហគ្រាស និងវិស័យសំណង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

-->
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្តាលលោក លី វឌ្ឍនា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថា ដើម្បីអនុវត្តប្លង់គោលឱ្យមានប្រសិទ្ធភាពខ្ពស់ ពេលនេះក្រុមមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ស្រុក និងមូលដ្ឋានកំពុងតែធ្វើការផ្ទៀងផ្ទាត់លម្អិត ដើម្បីកែសម្រួលផែនទីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រាប់ពេលអនាគតភ្ជាប់នឹងការចុះបញ្ជីមុនពេលដាក់សំណើរទៅថ្នាក់ខេត្ត។
លោកបានបន្តទៀតថា “ការរៀបចំទៅតាមប្លង់គោលនេះ គឺមានល្អប្រសើរទាំងពេលបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែនៅក្នុងនោះក៏មានភាពប្រឈម នឹងការតវ៉ាពីសំណាក់ប្រជាពលរដ្ឋមួយចំនួនតូចផងដែរ ទោះជាយ៉ាងណា ក្នុងនាមរដ្ឋបាល និងការិយាល័យស្រុក ដែលជាសេនាធិកាឱ្យថ្នាក់ខេត្ត នឹងព្យាយាមដោះស្រាយឱ្យបានត្រឹមត្រូវ និងច្បាស់លាស់”។
លោកបន្តថា “នៅក្នុងគម្រោងអភិវឌ្ឍមូលដ្ឋាននៃស្រុកអង្គស្នួល រួមមានដូចជាការជួសជុល និងកែលម្អផ្លូវជាតិ ការស្ថាបនាផ្លូវនៅក្នុងឃុំនីមួយៗឱ្យមានភាពល្អប្រសើរ ដូចជាផ្លូវលំឃុំ ផ្លូវលំភូមិជាដើម និងមានការរំដោះប្រឡាយជាដើម”។ លោកបន្តថា មុនពេលអនុវត្តផែនការតាមប្លង់មេនេះបាន ក៏ត្រូវមានការបង្ហាញ និងពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីច្បាប់ភូមិបាលជាមុនផងដែរ។
លោកបណ្ឌិត វ៉ាន់ វ៉ាត អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ដែលជាអ្នកដឹកនាំក្រុមការងាររៀបចំប្លង់គោលទូទាំងក្រុង និងស្រុកនានាក្នុងខេត្តកណ្តាលបានមានប្រសាសន៍ ថាការអនុវត្តតាមប្លង់គោលដែលបានដាក់ចេញដោយមន្ទីរ ក្រសួង គឺមានសារសំខាន់ណាស់ក្នុងការបែងចែកនូវទីតាំង តំបន់សម្រាប់ធ្វើការអភិវឌ្ឍជាអាទិភាព។
លោកបន្តទៀតថា នៅក្នុងប្លង់គោលត្រូវបានកំណត់យ៉ាងច្បាស់លាស់នូវព្រំប្រទល់ស្រុក ឃុំ និងភូមិ ដែលងាយស្រួលក្នុងការគ្រប់គ្រងដីធ្លីនៅថ្នាក់មូលដ្ឋាន ដើម្បីជំរុញដល់ការកាន់កាប់ដីឱ្យមានប្រសិទ្ធភាព និងស្របច្បាប់។ តាមរយៈប្លង់គោលនេះ ក៏បានផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញ អាចគ្រប់គ្រងបានលើស្ថិតិដីធ្លី និងការកាន់កាប់ដីតាមបែបប្រជាសាស្ត្រ រួមជាមួយការកាត់បន្ថយទំនាស់ព្រំប្រទល់ដីធ្លី ពិសេសការធានានូវតម្លាភាពកាន់កាប់ដីធ្លីកម្មសិទ្ធិផងដែរ។
លោកបានបន្តទៀតថា “ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការគាំទ្រពីឯកឧត្តម ម៉ៅ ភារុណ អភិបាលនៃគណអភិបាលខេត្តកណ្តាល នៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ស្រុកអង្គស្នួល នឹងប្រែក្លាយពីតំបន់កសិកម្មទៅជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស និងលំនៅដ្ឋានយ៉ាងប្រាកដ ខណៈដែលឥទ្ធិពលវិជ្ជមានពីរាជធានីភ្នំពេញ និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរុណច្រានមកកាន់ស្រុកអង្គស្នួលផងដែរ”។
លោកបន្តទៀតថា “អ្វីដែលជំរុញឱ្យស្រុកអង្គស្នួលបានភាពសក្ដានុពលក្នុងការអភិវឌ្ឍ ក្រៅពីមានភាពអំណោយផលពីកក្តាភូមិសាស្ត្រ ថែមមានទាំងបណ្តាញផ្លូវសេដ្ឋកិច្ចសំខាន់របស់ជាតិជាច្រើនឆ្លងកាត់ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលរដ្ឋាភិបាលកំពុងតែជំរុញល្បឿនក្នុងការសាងសង់ដើម្បីបញ្ចប់តាមគម្រោងដែលបានកំណត់”។
បច្ចុប្បន្ននេះ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានឃុំចំនួន១០ និង២០០ភូមិ និងមានប្រជាពលរដ្ឋរស់នៅជាង៨ម៉ឺននាក់។ នៅក្នុងស្រុកមួយនេះមានរោងចក្រ សហគ្រាសខ្នាត មធ្យម និងខ្នាតធំ ដែលកំពុងដំណើរការមានសរុបចំនួន៧៧ និងមានបុរីលំនៅដ្ឋានចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំបែកចាន ហើយក្រៅពីនេះមានគម្រោងអភិវឌ្ឍដោយ វិនិយោគលើការពុះដីឡូតិ៍ជាច្រើនទីតាំង៕