ដោយ វុត្ថា
ភ្នំពេញ៖ ក្រោយពីប្រកាសគម្រោងសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំងកន្លងមកនេះ មកដល់ពេលនេះ រដ្ឋាបាលរាជរាជភ្នំពេញបានប្រកាសបញ្ជាក់ពីគម្រោងសាងសង់ស្ពានទាំងពីរនេះជាផ្លូវការនាពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋអាជីវករ និងសិក្សានុសិស្ស។

-->
យោងតាមការផ្សព្វផ្សាយរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានឱ្យដឹងកន្លងមកនេះថា ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។
លោកអភិបាលក្រុងមិនបានបញ្ជាក់ពីទំហំតម្លៃលើការចំណាយលើគម្រោងសាងសង់ស្ពានអាកាសថ្មើជើងទាំងពីរនេះ និងពេលវេលាជាក់លាក់នៅឡើយទេ តែយ៉ាងណាក៏ដោយនេះ គឺជាដំណឹងដ៏គួររីករាយមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ និងឧស្សាហ៍ធ្វើដំណើរនៅតំបន់ទាំងពីរគម្រោងនេះ។
បច្ចុប្បន្នទីក្រុងភ្នំពេញ មានស្ពានអាកាសថ្មើជើងចំនួន ៣ ដែលស្ពានអាកាសថ្មើជើងចំនួន ២ស្ថិតនៅផ្សារជំពូវន្តតាមបណ្តោយផ្លូវជាតិលេខ ៤ និងមួយទៀតស្ថិតរង្វង់មូលនាងគង់ហេងក្បែរវត្តព្រះពុទ្ធមានបុណ្យ៕