រដ្ឋាភិបាល​នឹង​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ នៅដើម​ឆ្នាំ២០២០​ ខាងមុខនេះ​

0

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ ក្រោយពី​បាន​ពិនិត្យ​ពី​ភាពទ្រុឌទ្រោម​នៃ​ស្ពាន​ឆ្លងកាត់​ដៃ​ព្រែក​កំពត​ ដែល​បង្ក​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរ​ និង​ដឹកជញ្ជូន​ទំនិញ​ រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកា​កសាង​ស្ពាន​មួយ​ខ្សែ​នេះ​ រួម​ជាមួយនឹង​ផ្លូវថ្នល់​ភ្ជាប់​ផង​ដែរ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​។

អតីត​ស្ពានដែក​បា​ឡេ​ប្រវែង៧២ម៉ែត្រ​ ស្ថិតនៅ​ក្នុង​សង្កាត់​ត្រើយកោះ​ តភ្ជាប់​ទៅ​សង្កាត់​អណ្តូងខ្មែរ​ ក្រុង​កំពត​ ដែល​កំពុងតែ​រង​នូវ​សភាព​ចាស់​ទ្រុ​ធទ្រោម​នោះ​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានសម្រេច​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ឡើងវិញ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ ឬដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​។

គម្រោង​ស្ពាន​នេះ​ នឹង​ត្រូវ​ធ្វើឡើង​ពី​បេតុង​ ដែល​មាន​ទទឹង​ ១០​ ម៉ែត្រ​ បណ្ដោយ​ ៧៥​ ម៉ែត្រ​ ជា​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រាជរដ្ឋាភិបាល​ ផ្ដល់​តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

ដោយឡែក​ការ​កសាង​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ឡើងវិញ​នៅ​ចុងឆ្នាំ២០១៩​ នេះ​ មាន​ទទឹង១០ម៉ែត្រ​ ប្រវែង​ ៧៦០ម៉ែត្រ​ ជា​គម្រោងថវិកា​របស់​រដ្ឋបាល​ខេត្តកំពត​ ស្ថិត​តាម​បណ្ដោយ​ស្ពាន​ត្រើយកោះ​នេះ​។

អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​មានប្រសាសន៍​ណែនាំ​ថា​ “មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ក្រុង​ សង្កាត់​ ត្រូវ​រួម​សហការ​គ្នា​ឱ្យ​បាន​ល្អ​ ដោយ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​ផល​ប៉ះពាល់​ ដើម្បី​ធ្វើ​របាយការណ៍​ជាក់លាក់​ បញ្ជូន​ទៅ​ថ្នាក់​ជាតិ​ឱ្យ​បាន​ឆាប់រហ័ស​ នឹង​ដើម្បី​បាន​ដំណើរការ​កសាង​ស្ពានបេតុង​នេះ​ឱ្យ​បាន​ឆាប់​រហ័យ​ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏ដូចជា​ការ​ដឹកជញ្ជូន​នូវ​ទំ​និញ​ផ្សេង​ៗឆ្លងកាត់​ផង​ដែរ​”។

ជាមួយគ្នា​នេះ​ លោក​ក៏​បាន​គ្រើ​នរំ​លឹ​កអំពី​កិច្ចការ​ងារ​ដែល​ជួយ​ដល់​ការ​លើកកម្ពស់​សោភ័ណភាព​ អានាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​ ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ឱកាស​ អបអរ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ២០១៩​ នេះ​ ផង​ដែរ​។ លោក​បាន​មាន ប្រសាសន៍​ថា​ “អាជ្ញាធរ​ក្រុង​ សង្កាត់​ទាំងអស់​ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ឱ្យ​បាន​សស្រាក់​សស្រាំ​បន្ថែម​ទៀត​ ដោយ​ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​មូលដ្ឋាន​ និង​ក្នុង​សង្កាត់​នី​មួយ​ៗរបស់​ខ្លួន​ផង​ដែរ​”។

ផ្លូវ​ និង​ស្ពាន​ចាស់​ ដែល​នឹង​ត្រូវ​កសាង​ថ្មី​ឡើងវិញ​នេះ​ គឺជា​ស្ពាន​ប្រភេទ​ដែក​បា​ឡេ​ និង​ផ្លូវ​បេតុង​ ដោយ​បាន​ឆ្លងកាត់​ក្នុង​សង្កាត់​អណ្ដូង​ខ្មែរ​ និង​សង្កាត់​ត្រើយកោះ​ក្រុង​កំពត​។ ផ្លូវ​ និង​ស្ពាន​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​ធ្វើ​ចរាចរ​នូវ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​នេះ​។ ប៉ុន្តែ​ បច្ចុប្បន្ន​ផ្លូវ​ និង​ស្ពាន​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ មិន​អាច​ឱ្យ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ធុន​ធំ​ឆ្លងកាត់​បាន​នោះ​ឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here