ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ បាន​ចុះហត្ថលេខា​ដើម្បី​សាងសង​នៅ​ឆ្នាំនេះ ក្នុង​ទំហំ​ទឹកប្រាក់ 2ពាន់​លាន​ដុល្លារ

0

ភ្នំពេញ៖ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នា​វិមាន​សន្តិភាព បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។ ពិធី​ចុះហត្ថលេខា​ខាងលើ​ត្រូវបាន​ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់-ធ្វើ​អាជីវកម្ម-ផ្ទេរ (BOT) ជា​ផ្លូវ ០៤គន្លង មាន​ប្រវែង​សរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក  មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការ​កក​ស្ទៈ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​ការអភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ-ខេត្ត​ព្រះសីហនុ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​រឿង​ចាំបាច់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ជាន់​ទៅមុខ​បន្តទៀត ព្រោះ​ប្រសិនបើ​គ្មាន​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទេ សេដ្ឋកិច្ចកម្ពុជា​នឹងមិន​សម្រេចបាន​កំណើន​ខ្ពស់​បន្ថែម​ទេ ដូច្នេះ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ដែល​ចាំបាច់​បំផុត​ដើម្បី​ឲ្យ​កម្ពុជា​លោត​ផ្លោត​ទៅ​ចំណុច​ថ្មី​មួយ ហើយ​នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​រូបនេះ បាន​បន្តទៀតថា បច្ចុប្បន្ននេះ​គឺ​រាជរដ្ឋាភិបាល​បាន​និង​យកចិត្តទុកដាក់​លើ​ការវិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​វិស័យ​ស្នូល​ដ៏​សំខាន់ ហើយ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា ដែល​រាជរដ្ឋាភិបាល​គួរតែ​ព​ន្លឿ​ន​លើ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here