ដោយ វល័ក្ខ
ភ្នំពេញ៖ បុគ្គលល្បីឈ្មោះ ឬមហាសេដ្ឋីជាច្រើននៅក្នុងពិភពលោក បានចំណាយលុយយ៉ាងច្រើនសន្ធឹកលើផ្នែកសុវត្ថិភាព សន្ដិសុខផ្ទាល់ខ្លួន (ជួលសន្តិសុខការងារសុវត្ថិភាពផ្ទាល់ខ្លួន) មានខ្លះចាយរហូតដល់ខ្ទង់លានដុល្លារ។
មិនខុសពីគេប៉ុន្មានឡើយ ក្នុងនាមជាកំពូលមហាសេដ្ឋីវ័យក្មេង និងជាមហាសេដ្ឋីលំដាប់ពិភពលោក ព្រមទាំងជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា បានចំណាយលុយជិត ១០លានដុល្លារអាមេរិកដើម្បីជួលសន្ដិសុខការពារសុវត្តិភាពផ្ទាល់ខ្លួន រួមនឹងគ្រួសារ។
-->
មហាសេដ្ឋីរូបនេះ បានកំណត់យកប្រាក់បៀវត្សរ៍ត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ឆ្នាំ ប៉ុន្តែបច្ចុប្បន្នលោកមានទ្រព្យសរុបដែលគិតជាទឹកប្រាក់ ៧០,៥ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នក្រុមហ៊ុន Facebook បានចំណាយប្រាក់ខ្ទង់ជិត ១០លានដុល្លារអាមរិកសម្រាប់ថ្លៃសន្តិសុខ សុវត្តិភាពផ្ទាល់ខ្លួនរបស់ Mark Zuckerberg ដែលការចំណាយនេះត្រូវបានគេមើលឃើញថា បានកើនឡើង ៥០០ភាគរយ ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ ២០១៧។
ទស្សនាវដ្ដី Forbes បានចេញផ្សាយថា មហាសេដ្ឋីលេខ១ លោក Jeff Bezos ដែលជាអ្នកបង្កើតក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon បានចំណាយត្រឹមតែ ១,៦លានដុល្លារប៉ុណ្ណោះសម្រាប់សុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន ខណៈដែលលោក Larry Ellison ម្ចាស់ក្រុមហ៊ុន Oracle បានចំណាយ ១,៥លានដុល្លារអាមេរិក ទៅលើសេវាកម្មដូចគ្នានេះ។
យោងតាមការចេញផ្សាយរបស់ Business Insider និង Forbes បានឱ្យដឹងថា មានកម្លាំងសន្តិសុខដែលមានសមត្ថភាពអស្ចារ្យប្រមាណ ៦០០០នាក់ ត្រូវបាន Facebook ជួលសម្រាប់ការងារសន្តិសុខមេដឹកនាំ និងបុគ្គលិកសំខាន់ៗ ទាំងនៅក្នុងកន្លែងធ្វើការ និងនៅក្រៅកន្លែងធ្វើការ ជាពិសេសគឺត្រូវបានដាក់យាមនៅតាមផ្ទះទៀតផង។

វាពិតជាអស្ចារ្យណាស់មែនទេ? វាជារឿងដែលត្រឹមត្រូវបំផុត ព្រោះថាបុគ្គលទាំងនោះសុទ្ធសឹងតែជាមនុស្សសំខាន់ៗរបស់ក្រុមហ៊ុន ប្រសិនបើពួកគេជួបប្រទះរឿងហេតុណាមួយ នោះវានឹងធ្វើឱ្យខាត់បង់ដល់ក្រុមហ៊ុន ទាំងពេលវេលា និងថវិកា។
យោងតាមប្រភពព័ត៌មានមួយចំនួនបានបង្ហើបឱ្យដឹងថា ធ្លាប់មានមនុស្សមកកៀកជិតនឹងលោក Mark Zuckerberg គ្រោងនឹងបង្កគ្រោះថ្នាក់ជាច្រើនដង រួមមានទាំងអាវុធ និងកាំភ្លើង ប៉ុន្តែព័ត៌មាននេះមិនត្រូវបានទម្លាយចេញជាសាធារណៈឡើយ ផ្ទុយទៅវិញ Facebook បានរឹងបណ្ដឹងផ្នែកសន្តិសុខផ្ទាល់ខ្លួនឱ្យខ្លាំងជាងមុន៕