ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមអ្នកជំនាញវាយតម្លៃអចលនវត្ថុបាននិយាយថា ស្ថានភាពដីធ្លី និងផ្ទះសំបែងនៅបន្តមានស្ថេរភាពរហូតពី៣ទៅ៥ឆ្នាំខាងមុខ ដោយក្នុងនោះខេត្តក្រុងចំនួន៥ ដែលដីធ្លីនៅតែបន្តមានចរន្តគឺ ភ្នំពេញ ព្រះសីហនុ កំពត សៀមរាប និងកោះកុង។

-->
លោកពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងដោយដកស្រងសំដីរបស់ក្រុមអ្នកជំនាញនៅក្នុងកម្មវិធី កិច្ចពិភាក្សាសារព័ត៌មានស្ថានភាព អចលនវត្ថុនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគតកាលពីថ្ងៃទី ១៩ ខែកញ្ញា ម្សិលមិញនេះថា ៥ឆ្នាំទៅមុខទៀត នៅក្នុងក្រុងភ្នំពេញនឹងមិនមានដីសម្រាប់សាងសង់ជាបុរីទៀតឡើយ ហើយវានឹងជំនួសដោយខុនដូខ្ពស់ៗ។
លោកបន្តថា ដោយឡែកក្រុមហ៊ុនផ្ទះល្វែងនឹងរត់ទៅសាងសង់ផ្ទះសំបែងនៅចំងាយយ៉ាងតិចក៏២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញ។ ដោយឡែកតំបន់ស្ពានព្រែកតាមាក់ (ផ្លូវជាតិលេខ៦) នឹងមានសន្ទុះនៅពេលខាងមុខ។
ដីធ្លីនៅខេត្តសៀមរាបក៏នឹងមានភាពប្រសើរឡើងវិញជាពិសេសភាគខាងកើតចន្លោះផ្លូវក្យុងយូ និងផ្លូវជាតិ៦A ដោយសារតែគម្រោងអភិវឌ្ឍនិងការសាងសង់ព្រលានយន្តហោះថ្មីដែលតម្រូវឱ្យមានចរាចរមាមញឹក។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹង អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានភាពរឹងមុំា និង តម្លៃអចលនទ្រព្យជារួមមកដល់ពេលនេះ មិនទាន់មានការធ្លាក់តម្លៃនោះទេ ពោលគឺមានស្ថានភាពនៅតែដដែល និងបន្តមានការរីកចំរើនមុខថែមទៀត ។
លោកពន្យល់ទៀតថា ដោយសារកត្តាស្ថេរភាពនយោបាយនៅក្នុងប្រទេសមានស្ថានភាពល្អ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរក្សាបានល្អ ព្រមទាំងមានការគាំពារពីធនាគារក្នុងការផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ។លោកថា “ខ្ញុំគិតថា រយៈពេល៣-៥ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនៅកម្ពុជា នឹងនៅតែបន្ដក្នុងភាពរឹងមាំ ព្រមទាំងមានការគាំទ្រខ្លាំង ពីវិស័យធនាគារ បូករួមជាមួយភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍ឥតឈប់ឈរ កត្តាសន្ដិភាព-ស្ថេរភាពនយោបាយ មានភាពល្អប្រសើរ។
វិនិយោគិនជាច្រើនជឿជាក់ លើនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ព្រោះថា បើមិនមានភាពជឿជាក់នោះទេ នោះវិស័យអចលនទ្រព្យ នឹងដួលរលំទៅតាមនេះដែរ”។
បើតាមលោកពុយ គា ថា កម្ពុជាព័ត៌មានក្រៅផ្លូវការដែលមិនទាន់មានតួរលេខច្បាស់លាស់បាននិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានបុរសបរទេសច្រើនបានចូលមកប្រទេសកម្ពុជាក្មុងបំណងចែចូវនារីខ្មែរធ្វើជាប្រពន្ធដើម្បីមានសិទ្ធិទិញដីធ្លី ធ្វើឱ្យហាងឆេងនារីខ្មែរកាន់តែមានតម្លៃខ្ពស់ជាងមុន។

បុរសបរទេសភាគច្រើនបាននិយាយថា មិនសំខាន់អ្នកនៅលីវឬមេម៉ាយទេ ឱ្យតែចេះទុកដាក់ទ្រព្យសម្បត្តិ និងមានគំនិតនោះគ្រប់គ្រាន់ហើយ ៕