ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៧១C មានប្រវែង ១១៤គីឡូម៉ែត្រ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនចិនបញ្ចប់ការសិក្សារួចរាល់ហើយ នៅឡើយតែចាប់ផ្តើមស្ថាបនាប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ នេះថា គម្រោងសាងសង់ផ្លូវជាតិ៧១C នេះត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនសៀងហៃ គ្រុប តែមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការចាប់ផ្តើមសាងសង់នោះទេ ព្រោះគម្រោងផ្លូវនេះ ស្ថិតនៅក្នុងគម្រោងអទិភាពចុងក្រោយគេក្នុងចំណោមគម្រោងផ្លូវផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួង។
-->
លោកបន្តទៀត គម្រោងនេះមិនទាន់ដឹងពីទំហំលើការចំណាយថវិកាអស់ប៉ុន្មាននោះទេ ត្រូវការពេលាដើម្បីរៀបចំថវិកាក្នុងការស្ថាបនា ព្រោះមិនមែនជាការសម្រេចពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែម្នាក់ឯងនោះទេ ត្រូវមានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរក្នុងការសម្រេចដាក់កញ្ចប់អាទិភាពសម្រាប់ដាក់ទៅឆ្នាំ ២០២០ ឬឆ្នាំបន្តបន្ទាប់ខាងមុខទៀង បន្ទាប់ពីគម្រោងអាទិភាពត្រូវបានបញ្ចប់។
បើលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជួន ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ផ្លូវជាតិលេខ៧១C ប្រវែងជាង ១១៤ គីឡូម៉ែត្រដែលបែកចេញពីជាតិលេខ៧១ ស្រុកចម្ការលើ ឆ្លងកាត់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ភ្ជាប់ផ្លូវជាតិលេខ៧៣នោះ គឺអាចនឹងលេចជារូបរាងដំណាលគ្នាជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នាដំណាច់ឆ្នាំ២០២០ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា បញ្ហានេះលោកបានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយចុះកិច្ចព្រមព្រៀងហត្ថលេខាលើប្រាក់កម្ចីឲ្យបានទាន់ពេលវេលា ដើម្បីដំណើរការសាងសង់ផ្លូវជាតិលេខ៧១C ខាងលើ ឲ្យបានហើយរួចរាល់ដំណាលគ្នា ជាមួយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺផ្លូវមួយចំនួនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានដែរ៕