ផ្នត់គំនិត​វិជ្ជមាន​៖ មូលហេតុ​ដែល​ធ្វើអោយ​ពិភពលោក​សំបូរ​អ្នកក្រ​ និង​អ្នកមាន​ជីវភាព​មធ្យម​ច្រើនជាង​អ្នកមាន​

0

ដោយ​ ម៉ា​តាំង​

ភ្នំ​ពេញៈ​ ផ្នត់គំនិត​មាន​សារៈសំខាន់​ណាស់​ រហូតដល់​សាស្រ្តា​ចារ្យ​ឬអ្នកជំនាញ​ផ្នែក​លើកទឹកចិត្ត​បាន​អះអាង​ថា​ “ការ​គិត​ឬផ្នត់គំនិត​បែប​ណា​ នឹង​ទទួ​លបានលទ្ឋ​ផល​នោះ​ ហើយ​ភាព​មាន​ឬក្រីក្រ​ អាស្រ័យ​លើ​ផ្នត់គំនិត​ ជាជាង​ព្រេងវាសនា​។

ប្រសិនបើ​អោយ​ជ្រើសរើស​រវាង​ផ្លែ​មៀន១គីឡូក្រាម​ និង​កូន​មៀន១ដើម​ មនុស្ស​ភាគច្រើន​ នឹង​ជ្រើសរើស​យក​ផ្លែ​មៀន១ គីឡូក្រាម​ ព្រោះ​គេ​ត្រូវការ​ហូប​ភ្លាម​ៗ ហើយ​ប្រសិនបើ​ជ្រើសរើស​យកកូន​មៀន១ដើម​យក​ទៅ​ដាំ​ នោះ​ត្រូវការ​ពេលវេលា​យូរណាស់​ (រហូតដល់៣ឆ្នាំ​ឯណោះ​) ទើបបាន​ផ្លែ​ ម្យ៉ាង​ត្រូវការ​ការថែទាំ​ស្រោចទឹក​ ដាក់ជី​ និង​ជួបប្រទះ​នូវ​ហានិភ័យ​ជាច្រើន​ ដូចជា​ អោយ​ផល​តិច​ ដាំ​មិន​រស់​។ល។ ម្យ៉ាង​មនុស្សជា​ច្រើន​យកលេស​ថា​គ្មាន​ដី​ដាំ​។

ផ្ទុយទៅវិញ​ បើ​មនុស្ស​ជ្រើសរើស​យកកូន​មៀន១ដើម​យក​ទៅ​ដាំ​ និង​ថែទាំ​ នោះ​គេ​នឹង​បានផល​រយៈពេល​វែង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បើ​ប្រៀបធៀប​ផ្លែ​មៀន១គីឡូក្រាម​ដែល​ហូប​អស់​ក្នុងរយៈពេល១ថ្ងៃ​។ ជា​ការពិត​មាន​ត្រូវការ​ពេល​រហូតដល់​ទៅ៣ឆ្នាំ​ ទើប​អោយ​ផល​ ប៉ុន្តែ​វា​មាន​អាយុ​ជាង ១០ឆ្នាំ​ឯណោះ​ ពោល​គឺ​មនុស្ស​អាច​ប្រមូល​ផល​ផ្លែ​មៀន​យ៉ាងតិច៦ឆ្នាំ​។ ជាមធ្យម​ មៀន១ដើម​អោយ​ផល២០០គីឡូក្រាម​ក្នុង១ឆ្នាំ​ និង​លក់​បាន​តម្លៃ៣ដុល្លា​ក្នុង១គីឡូក្រាម​។

ដូច្នេះ​មៀន១ដើម​អោយ​ផល​ប្រហែល ៣.៦០០ដុល្លា​ (២០០គីឡូក្រាម​ x ៣ដុល្លា​ x ៦ឆ្នាំ​)។ មានន័យថា​បើ​ដាំ​មៀន១ដើម​ នឹងអាច​បានផល​ជាមធ្យម៣៦០០ដុល្លា​ ក្នុងរយៈពេល១០ឆ្នាំ​។ រយៈពេល១០ឆ្នាំ​មាន​ចំនួន៣.៦៥០ថ្ងៃ​។ ដូច្នេះ​មៀន១ដើម​អោយ​ផល​ជិត១ដុល្លា​ក្នុង១ថ្ងៃ​ និង​រហូតដល់​រយៈពេល១០ឆ្នាំ​។ ជំនួស​អោយ​ការ​ចំណាយពេល​ថែទាំ​ ទទួលយក​ហានិភ័យ​ និង​ក្រោម​លេស​ថា​គ្មាន​ដី​សំរាប់​ដាំដុះ​ មនុស្សជា​ច្រើន​សុខចិត្ត​យក​មៀន១គីឡូ​កក្រាម​ ហើយ​ហូប​តែ១ពេល​អស់​។

ឥរិយាបថ​បែបនេះ​ហើយ​ ដែល​ធ្វើអោយ​មនុស្ស​ភាគច្រើន​ មិន​មាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ បើ១ថ្ងៃ​ មនុស្សម្នាក់​ត្រូវការ​ប្រាក់២០ដុល្លា​សំរាប់​ចាយ​ នោះ​ដាំ​មៀន២០ដើម​ក៏​មាន​ប្រាក់​គ្រប់គ្រាន់​សំរាប់​ចាយ​ដែរ​។

ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​មិន​លំបាក​ទេ​ ប្រសិនបើ​មនុស្ស​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ មាន​ភាព​ឧស្សាហ៍​ និង​ហ៊ាន​ទទួលយក​ហានិភ័យ​ ដោយ​លះបង់​ផលប្រយោជន៍​រយៈពេល​ខ្លី​។

ចូរ​ កុំ​រក១ថ្ងៃ​ គិត១ថ្ងៃ​ គួរគប្បី​រក១ថ្ងៃ​គិត១០ឆ្នាំទៅ​មុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here