បច្ចុប្បន្ន Jack Ma ត្រូវបានគេស្គាល់ថា ជាបុគ្គលិកជោគជ័យ និងជាសេដ្ឋីមួយរូបនៅក្នុងប្រទេសចិន ជាពិសេសលោកបានផ្ដល់ដំបូន្មានជាច្រើនពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្ម ដែលវាជាគន្លឹះល្អៗសម្រាប់យកទៅអនុវត្តន៍។
ដោយឡែកនៅថ្ងៃនេះផងដែរគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia ក៏បាននាំយកនូវគន្លឹះល្អៗចំនួន ៦ចំណុច ដែល Jack Ma បានផ្ដល់ឲ្យសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង៖

-->
១) មុននឹងចាប់ផ្ដើមរកស៊ី ត្រូវដឹងនូអ្វីដែលអ្នកកំពុងធ្វើ
ជាការពិតណាស់ មនុស្សភាគច្រើនដែលមានបំណង់ចង់រកស៊ី គឺសុទ្ធសឹងតែចង់ធ្វើជាចៅហ្វាយនាយផ្ទាល់ខ្លួន ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នោះទេ។ មុននឹងចាប់ផ្ដើមរកស៊ី អ្នកត្រូវគិតថា អ្នកត្រូវចាប់ផ្ដើមទៅលើអាជីវកម្មអ្វី និងត្រូវធ្វើអ្វីខ្លះ។
២) ស្វែងរកដៃគូដ៏ត្រឹមត្រូវ
បើទោះបីជាអ្នកមានលុយ ឬមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មមួយក្ដី ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចដំណើរការអាជីវកម្មមួយនោះ ដោយមិនមានជំនូយឡើយ។ ជំនូយដែលនិយាយនៅពេលនេះគឺជាបុគ្គលិកជំនាញៗ ដែលអ្នកត្រូវជួលមកដើម្បីឲ្យកាន់ទៅលើផ្នែកធំៗនៃអាជីវកម្មរបស់អ្នក ដូចជាផ្នែកទីផ្សារ ផ្នែកគ្រប់គ្រង និងផ្នែកបច្ចេកទេសជាដើម។
៣) សិក្សាពីកំហុសរបស់អ្នកដទៃ
ជាញឹកញាប់ យើងផ្ដោតតែទៅលើផ្នែកដែលរីកចម្រើនរបស់បុគ្គលដែលជោគជ័យ ហើយយើងបានបំភ្លេចចោលនូវចំណុចបរាជ័យរបស់ពួកគេ។ អ្នកត្រូវចាំថា ចំណុចបរាជ័យរបស់គូប្រជែងគឺជាចំណុចជោគជ័យរបស់យើង នៅពេលយើងសិក្សា និងរកឃើញពីបញ្ហាដែលនាំឲ្យគេបរាជ័យ នោះយើងនឹងរកឃើញពីវិធីសាស្ត្រក្នុងការធ្វើឲ្យអាជីវកម្មរបស់យើងជោគជ័យ។
៤) ចូរគិតស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ
បើអ្នកចង់ទទួលបាននៅភាពជោគជ័យ អ្នកត្រូវតែមានគំនិតច្នៃប្រឌិតថ្មីៗក្នុងការបង្កើតរបស់ផ្សេងៗថែមទៀត ដើម្បីបំពេញតម្រូវទៅតាមអ្វីដែលអតិថិជនចង់បាន។ ជាការពិតណាស់ ផែនការអាជីវកម្មសម្រាប់អនាគតត្រូវតែមាន ដោយក្នុងនោះអ្នកត្រូវតែកំណត់ថា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត នឹងមានអ្វីកើតឡើង ហើយអ្នកត្រូវតែបង្កើតអ្វីមួយថ្មីសម្រាប់តម្រូវការមនុស្សនាពេល៥ឆ្នាំមុខទៀត។
៥) ហ៊ានប្រថុយនឹងហានិភ័យ នោះទើបជាឱកាសពិតប្រាកដ
ខ្ញុំបានចាប់ផ្ដើមអាជីវកម្មខាងផ្នែកអ៊ីនធើណេតដំបូង ដែលមានឈឈ្មោះថា China pages ហើយវាក៏ធ្វើឲ្យខ្ញុំបរាជ័យទៅលើជាអាជីវកម្មអនឡាញដំបូងផងដែរ ប៉ុន្តែខ្ញុំមិនបានធ្លាក់ទឹកចិត្តនោះទេ ជាចុងក្រោយខ្ញុំនៅតែមិនបោះបង់ចោលក្ដីស្រមៃរបស់ខ្ញុំចោល ខ្ញុំនៅតែបន្តធ្វើវារហូតខ្ញុំទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
៦) អតិថិជន និងបុគ្គលិកគឺជាបុគ្គលសំខាន់បំផុត
អាជីវកម្មមួយដែលដើរបានដោយរលូន និងទទួលបានជោគជ័យគឺអាស្រ័យលើមានការគាំទ្រពីសំណាក់អតិថិជន និងអាស្រ័យលើការផ្ដល់សេវាកម្មល្អពីសំណាក់បុគ្គលិក។ មនុស្សទាំងពីរជំពូកនេះ គឺសំខាន់បំផុតសម្រាប់អ្នក ព្រោះបើគ្មានពួកគេទេ អាជីវកម្មរបស់អ្នកមិនអាចដំណើរការបានឡើយ៕








