ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ចាប់ផ្តើមស្គាល់ពីខ្លួនឯងពេលមានបុណ្យទានម្តងៗ។ អារម្មណ៍របស់អ្នកមិនសូវឧស្សាហ៍ក្នុងការងារដូចខ្ញុំ បូកផ្សំនឹងបុណ្យទានមកដល់ ក៏មានអារម្មណ៍រសាប់រសល់មិនចង់ធ្វើការនិងចង់ទៅផ្ទះមុនថ្ងៃបុណ្យ តែចង់ត្រឡប់មកវិញក្រោយថ្ងៃបុណ្យចប់បីបួនថ្ងៃទៅវិញនិងអាចឈានដល់មួយអាទិត្យក៏មាន។
ក្នុងនាមខ្ញុំជាអ្នកធ្វើការអោយគេ ខ្ញុំបានគិតតែខ្លួនខ្ញុំប៉ុណ្ណោះ និងមិនបានគិតពីក្រុមហ៊ុនរឺថៅកែដែលខ្វះបុគ្គលិកប្រើទាំងមុនពេលបុណ្យមកដល់មួយថ្ងៃពីរថ្ងៃ និងជាពិសេសមកធ្វើការវិញយឺតលើសពីរបីថ្ងៃក្រោយពេលថ្ងៃបុណ្យចប់ទៀតផង។ និយាយរួមការឈប់មុននិងមកវិញយឺត គឺវាប៉ះពាល់ដល់លំហូរអាជីវកម្មរបស់ថៅកែដែលបានបង្កើតការងារអោយបុគ្គលិកច្រើននាក់ រឺ រាប់សិបនាក់ រឺដល់រាប់រយនាក់ក៏មាន។
-->
ករណីបុគ្គលិកឈប់មុនថ្ងៃបុណ្យ និងមកវិញយឺតច្រើនថ្ងៃគឺភាគច្រើនកើតមានលើអាជីវកម្មខ្នាតមធ្យមនិងខ្នាតតូចលើសពី៨០%។ ភាពអាត្មានិយមរបស់ខ្ញុំបានធ្វើអោយប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ថៅកែខ្ញុំ និងថៅកែផ្សេងៗទៀតដែលបុគ្គលិកគាត់ផ្សេងទៀតក៏មានភាពខ្វះវិន័យ ខ្វះភាពទៀងទាត់ និងខ្វះការជួយជ្រោមជ្រែងដោយស្មោះស្ម័គ្រដល់ថៅកែរបស់ខ្លួនដូចគ្នា។ ខ្ញុំបានលឺពីភាពរអ៊ូរទាំរបស់ថៅកែៗពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើង។ ដូច្នេះមានន័យថា ភាពមិនទៀងទាត់ ភាពខ្វះវិន័យ និងខ្វះការជួយជ្រោមជ្រែងដោយឆន្ទះពីបុគ្គលិកដល់ថៅកែកាន់តែមានការកើនឡើង។
មួយផ្នែកទៀតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភាពអសកម្មខាងលើ គឺឪពុកម្តាយ និង សាច់ញាតិតែម្តង។ ពួកគាត់កម្រនឹងសួរថា “តើឯងមកស្រុកមុនថ្ងៃរឺត្រឡប់ទៅវិញយឺតពីរបីថ្ងៃអញ្ចឹង វាមានការប៉ះពាល់ដល់ការងារខ្លួន រឺអាជីវកម្មរបស់ថៅកែឯងរឺក៏អត់ទេ?” គឺមានតែសួរថា “តើឯងមកស្រុកអង្កាល? ហេតុអ្វីក៏ក្រមកម្ល៉េះ? ឆាប់មកបន្តិចមក…និងហេតុអីក៏ឆាប់ត្រឡប់ទៅធ្វើការវិញម្ល៉េះ ម្តេចក៏មិននៅសំរាកនៅឯស្រុកលេងពីរបីថ្ងៃទៀតទៅព្រោះមិនសូវបានមក?”។ ក្នុងមួយឆ្នាំៗមានបុណ្យទានច្រើន និងអាចជួបគ្នាបានលើសពី២ដងក្នុងមួយឆ្នាំ។ បើមានទំលាប់មកលេងកូនរឺសាច់ញាតិនៅកន្លែងដែលកូនរឺសាច់ញាតិធ្វើការ(បើនឹកគ្នាពេក)ខ្លះវិញម្តងអាចល្អដល់ការងារកូនផងដែរ។
វាជារឿងពិតដែលកើតមាន និងគួរត្រូវបានកែប្រែទំលាប់មិនល្អនេះចោល។ វាលំបាកកែបន្តិចព្រោះវាពាក់ព័ន្ធនឹងវប្បធម៌នៃការរស់នៅ។ បើហ៊ានផុសលើ Facebook ដើម្បីជាការក្រើនរំលឹក ដើម្បីអោយមានការផ្លាស់ប្តូរទំលាប់មិនល្អនេះ នោះនឹងមានការរិះគន់ច្រើនពីមនុស្សអាត្មានិយម មនុស្សខ្វះវិន័យ និងមនុស្សដែលគ្មានមនសិការដ៏ច្រើនលើសលុបតែម្តង។