ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងទេសចរណ៍បានចេញនូវសេចក្តីជូនដំណឹងស្ដីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នូវប្រព័ន្ធ E-Certificate ដើម្បីជួយសម្រួល និងជំរុញនូវគុណភាពផ្នែកបដិសណ្ឋារកិច្ច របស់បណ្តាភ្នាក់ងារទេចរណ៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរក្នុងបរិបទនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម៤.០។
ក្រសួងទេសចរណ៍បានរៀបចំប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញទេសចរណ៍អនឡាញ ហៅថា E-Certificate» តាមរយៈគេហទំព័រ www.tourismecertificate.org ។ នេះបើផ្អែកតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ដែលគេហទំព័រ Propertyarea.asia ទទួលបានកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។
-->
ប្រព័ន្ធ E-Certificate នេះនឹងជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាល ជំនាញទេសចរណ៍របស់ក្រសួងទេសចរណ៍ និងដៃគូបណ្តុះបណ្តាលជំនាញទេសចរណ៍ ឱ្យមានប្រសិទ្ធភាពចំណេញពេលវេលា និងរក្សាបាននូវសង្គតិភាព នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ក្នុងន័យនេះក្រសួងទេសចរណ៍ សូមជូនដំណឹងដល់សាលវិជ្ជាជីវៈទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬសហការជាមួយក្រសួងទេសចរណ៍ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ E-Certificate ខាងលើ ចាប់ពីពេលនេះតទៅ។
ដូច្នេះ សូមនាយកដ្ឋាន អង្គភាព មន្ទីរទេសចរណ៍រាជធានី-ខេត្ត ចំណុះក្រសួងទេសចរណ៍ សាលាវិជ្ជាជីវះទេសចរណ៍ និងគ្រឹះស្ថានបណ្តុះបណ្តាលដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ ចូលរួមប្រើប្រាស់ប្រព័ន្ធCertificate សម្រាប់ការចេញវិញ្ញាបនបត្រនានាដូចជា វិញ្ញាបនបត្របណ្តុះបណ្តាល វិញ្ញាបនបត្រទទួលស្គាល់។ល។ និងសម្រាប់ការស្នើសុំការចុះបញ្ជីសាលាវិជ្ជាជីវះទេសចរណ៍ ស្នើសុំការទទួលស្គាល់សាលា ឬទទួលស្គាល់កម្មវិធីជំនាញទេសចរណ៍ ជាដើម។

ក្រសួងទេសចរណ៍សង្ឃឹមថា សាលាគ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ ឬចុះបញ្ជីដោយក្រសួងទេសចរណ៍ និងអង្គភាពពាក់ព័ន្ធចូលរួមប្រើប្រាស់ប្រព័ន្ធអនឡាញE-Certificate នេះឲ្យបានផុសផុល៕