ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍របស់ខ្លួនថា គិតត្រឹមរយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញាឆ្នាំ២០១៩នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង ១,៤លាននាក់កើនឡើង៣៧.២៥%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

-->
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣០ ខែកញ្ញានេះថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧៦,៧៤៨នាក់កើនឡើង៩៨.១៤%។
លោករដ្ឋមន្ត្រីបន្តថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា៖ ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
;បើទោះបីនៅតែជាបញ្ហាស្មុគស្មាញ តែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។* បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធ ជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។

លោក ថោង ខុន បានបន្ថែមថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរណ៍នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

