ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់នីតិវិធី លក្ខណវិនិច្ឆ័យ និងយន្តការសម្រាប់ធ្វើការផ្តល់សម្បទានដី សង្គមកិច្ច ដើម្បីសង់លំនៅឋាន ឬ/និងដើម្បីធ្វើកសិកម្មជាលក្ខណៈគ្រួសារ។
កម្មវិធីសម្បទានដីសង្គមកិច្ចមានពីរកម្រិត គឺថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
ប្រសិនបើមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចណា ខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដីសម្បទាននោះ ដីនេះនិងត្រូវវិលមកជាដីរបស់រដ្ឋវិញ ដើម្បីធ្វើការបែងចែកសាជាថ្មី។
យោងតាមនីតិវិធីនៃការដកហូតដីសម្បទានសង្គមកិច្ច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដោយត្រូវបែងចែកពីលក្ខខ័ណ្ឌមួយចំនួន ដូចជា ការជូនដំណឹងជាមុនក្នុងពេលវេលាសមស្របមួយ ដល់មុខសញ្ញាអ្នកទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌ នៃការកាន់កាប់និងប្រើប្រាស់ដីសម្បទានសង្គមកិច្ច។
ទី២ ការទុកឱកាសអោយមុខសញ្ញាអ្នកទទួលដីឆ្លើយតប។ ទី៣ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងទី៤ គោលការណ៍ណែនាំអំពីការរុះរើ និងការកំណត់សោហ៊ុយខូចខាតសមស្រប សម្រាប់មុខសញ្ញាអ្នកទទួលដី៕