រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ផ្លូវ​សម្រាប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ភាព​ជាក់ស្ដែង​នៃ​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ ដែល​ស្ទើរតែ​គ្មាន​វិធី​ដោះស្រាយ​ទៅ​ហើយ​នោះ​ សាលា​រាជធានី​ភ្នំពេញ​ មាន​គម្រោង​រៀបចំ​ចិញ្ចើម​ផ្លូវ​ជា២គន្លង​សម្រាប់​អ្នកថ្មើរជើង​ និង​សម្រាប់​ផ្លូវ​ម៉ូតូ​បើកបរ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​។

ដោយសារតែ​កំណើន​នៃ​ប្រជាពលរដ្ឋ​ចូល​មក​រស់នៅ​ និង​ប្រកបការងារ​ អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​យានយន្ត​បង្ក​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ ជាពិសេស​នៅ​ខណៈ​ពេលព្រឹក​ ពេលថ្ងៃត្រង់​ និង​ពេលល្ងាច​ជា​រៀងរាល់ថ្ងៃ​។

ជាមួយគ្នា​នេះ​ ដោយសារតែ​គ្មាន​ជម្រើស​ អ្នកបើកបរ​ម៉ូតូ​ជាច្រើន​បាន​បំពានច្បាប់​ដោយ​ជ្រើស​យក​ការ​បើកបរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណា​ធិប​តេយ្យ​ ​និង​គ្មាន​សណ្តាប់​ធ្នាប់​។

ជា​ដំណោះស្រាយ​នូវ​បញ្ហា​ចាំបាច់​មួយ​នេះ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​លើក​ជា​គម្រោង​រៀបចំ​ចញ្ចើម​ផ្លូវ​ជា២គន្លង​ ដោយ​មួយ​គន្លង​សម្រាប់​អ្នកថ្មើរជើង​ ហើយ​មួយ​គន្លង​ទៀត​សម្រាប់​អនុញ្ញាត​ឱ្យ​ម៉ូតូ​បើកបរ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ជា​ជំហាន​ដំបូង​នឹង​អនុវត្ត​នៅក្នុង​ខណ្ឌ​ចំនួន៥​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ ​“ខ្ញុំ​ក៏​មាន​គម្រោង​ដែរ​ ក្នុង​រាជធានី​ភ្នំពេញ​ ម៉ូតូ​ និង​អ្នកថ្មើរជើង​ ត្រូវ​ឡើងលើ​ចិញ្ចើម​ផ្លូវ​” ។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​អត់​គិត​ពី​ ២ភាគ៣ទៀត​ទេ​ គិត២ភាគ៣​ លែងកើត​ហើយ​ រាជធានី​បច្ចុប្បន្ន​ គិត២ភាគ៣​ ឱ្យ​គេ​លក់ដូរ​ទៀត​ លែង​បាន​ហើយ​ លែង​ទទួលយក​កើត​ហើយ​ គិត​រឿង​ផ្លូវ​ថ្មើរជើង​ និង​ផ្លូវ​ជិះ​ម៉ូតូ​ ឡើង​ទៅលើ​ចិញ្ចើម​ ធ្វើ​ឱ្យ​គាត់​ជិះ​ខាងលើ​ ផ្លូវ​ខាងក្រោម​ ទុក​សម្រាប់​រថយន្ត​ ទី១កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ទី២កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ នេះ​ជា​ចំណុច​សំខាន់​ ដែល​រាជធានី​ភ្នំពេញ​ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​” ។

ការ​លើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ (សង្កាត់​,ខណ្ឌ​) គ្រប់​ស្ថាប័ន្ធពាក់ព័ន្ធ​ កាលពី​រសៀល​ថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០១៩​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខណ្ឌ​ទាំង៥ដែល​នឹង​ត្រូវ​អនុវត្ត​មុនគេ​នោះ​រួមមាន​ ខណ្ឌដូនពេញ​ ខណ្ឌ៧មករា​ ខណ្ឌទួលគោក​ ខណ្ឌចំការមន​ និង​ខណ្ឌ​បឹងកេងកង​ ខណៈ​ដែល​ការងារ​នេះ​ បាន​នឹង​កំពុង​រៀបចំ​ពិនិត្យ​ត្រៀម​បើក​សិក្ខាសាលា​ក្នុង​ពេល​ខាងមុខ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here