ដោយ វុត្ថា
វៀតណាម៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ខែសីហាឆ្នាំ២០១៩ ពោលគឺមានរយៈពេល ២៥ ឆ្នាំ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន៨៤គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណជាង ២,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យកសិកម្មមានចំនួនប្រមាណ២ភាគ៣ នៃគម្រោងវិនិយោគទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងនៅក្នុងសន្និសីទ កម្ពុជា-វៀតណាម ស្ដីពីការជម្រុញវិនិយោគ និងពាណិជ្ជកម្មកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះថាក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាននៃការវិនិយោគក្រុមហ៊ុនវៀតណាមក្នុងវិស័យនានាដូចជា វិស័យធនាគារ ធានារ៉ាប់រង សេវាកម្ម និងការលក់ដុំ លក់រាយជាដើម។
-->
សម្តេចតេជោបន្តថា ក្នុងវិស័យពាណិជ្ជកម្ម សម្តេចពិតជាមានក្តីមោទនភាព ចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីដែលកាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាមសម្រេចបានចំនួនប្រមាណជាង៤,៧ពាន់លានដុល្លារអាមេរិកគឺកើនឡើងប្រមាណជា២៤% ធៀបនឹងឆ្នាំ២០១៧។
ដោយឡែកក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរសម្រេចបានចំនួន២,៧២ពាន់លានដុល្លារអាមេរិក ដែលយើងរំពឹងថានឹងសម្រេចដល់ប្រមាណជា៥ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំនេះ។ ចំពោះវិស័យទេសចរណ៍វិញ វៀតណាមឈរនៅលំដាប់លេខរៀងទី២នៅឆ្នាំ២០១៧ និង២០១៨។
ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរវៀតណាមមកកម្ពុជា មានចំនួនប្រមាណជាង៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណជា៤,៦% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨កន្លងទៅ។
ចំនួនភ្ញៀវទេសចរប្រទេសទាំងពីរ រំពឹងថានឹងមានកំណើនបន្ថែមទៀតតាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅនិងផលិតផលទេសចរណ៍ ជាក់ស្ដែងជើងហោះហើរត្រង់ ភ្នំពេញ-ដាណាំង និងចាប់ផ្ដើមដំណើរការនាពេលឆាប់ៗខាងមុខនេះបន្ថែមលើជើងហោះហើរកម្ពុជាវៀតណាមដែលមានស្រាប់ចំនួន១១២ជើងក្នុងមួយសប្តាហ៍។
ក្នុងក្របខណ្ឌនៃកិច្ចសម្រួលការដឹកជញ្ជូនផ្លូវគោកនិងឡូជីស្ទិកប្រទេសទាំងពីរបានឯកភាពអនុញ្ញាតឲ្យយានយន្តចំនួន៥០០គ្រឿងឆ្លងកាត់តាមច្រកព្រំដែនចំនួន៩ ហើយប្រទេសទាំងពីរបាន និងកំពុងពិភាក្សាលើការបន្ថែមចំនួនយានយន្តនិងជំនួញច្រកឆ្លងកាត់ដែរ។
សម្ដេចតេជោ ក៏សូមណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាធ្វើការសិក្សានិងពិនិត្យលទ្ធភាពជាក់ស្ដែងដាក់ចេញនូវយន្តការពិសេសដើម្បីបង្កើនការសម្រួលពាណិជ្ជកម្ម និងផ្នែកឡូជីស្ទីកនៅតាមជាយដែនជាពិសេសដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងកំណើនយ៉ាកំហុសនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ និងទីក្រុងហូជីមិញ មកប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។
សម្តេចតេជោក៏បានស្នើរអ្នកវិនិយោគវៀតណាមមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតលើវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យសំណង់ ផលិតសម្ភារៈបរិក្ខាសំណង់ និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលសុទ្ធសឹងជាវិស័យសក្កានុពលរបស់កម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាផ្នែកមួយសំខាន់នៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងពង្រឹងភាពប្រកួតប្រជែងនិងធ្វើឲ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ។
សម្តេចតេជោក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងនៃការវិនិយោគក្នុងប្រទេសកម្ពុជាដែលសម្ដេចបានដឹកនាំកិច្ចប្រជុំពីរថ្ងៃ ទី២៩ ខែមីនាឆ្នាំ២០១៩ កន្លងទៅ ដែលបានផ្ដល់ដល់ផ្នែកវិស័យឯកជនក្នុងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរជូនដល់រដ្ឋាភិបាលដើម្បីពិនិត្យនិងមានវិធានការសមស្របដើម្បីដោះស្រាយ និងដើម្បីធ្វើឲ្យវិនិយោគិនដែលមកវិនិយោគក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួល។
សម្ដេចតេជោ បានស្វាគមន៍រាល់ការសម្រេចចិត្តរបស់អ្នកវិនិយោគទាំងអស់ជាពិសេសអ្នកវិនិយោគវៀតណាម ដែលបានជ្រើសរើស នឹងមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចក៏បានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាមដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជាសូមអញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគឬសហការវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគកម្ពុជាដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងវៀតណាម។
សម្ដេចក៏សូមធានាជូនដល់អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយអំណោយផលជាពិសេសគឺសន្តិភាពសន្តិសុខនិងស្ថិរភាពនយោបាយក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
នៅចុងបញ្ចប់នៃសន្និសីទនេះផងដែរ ក៏មានពិធីចុះហត្ថលេខាមួយលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរផងដែរ៕