ដោយៈ រ៉ាណេត
ព្រះសីហនុៈ ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងវិនិយោគ ទឹកប្រាក់១៥០លានដុល្លារ ដើម្បីកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ដែលរោងចក្រនេះនឹងដំណើរការនៅឆ្នាំ២០២០ខាងមុខនេះ។
កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Cam MJ Agricultural Park Co.,Ltd បានទទួលគោលការណ៍វិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ដើម្បីកសាង ” Cam MJ Agricultural Park Special Economic Zone ” លាតសន្ធឹងលើផ្ទៃដីជាង៩៩ហត ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារ មានរយ:ពេល៥ ឆ្ នាំ(២០២០-២០២៥)។
-->
លោក Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam MJ Agricultural Park Co.,Ltd បានលើកឡើងថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្នុងបំណងបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រយោជន៍របស់កសិករ តាមរយ:ការធ្វើឱ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម និងធ្វើការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសមរបស់លោក Ung Kim ជាមួយលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
លោកបានបន្តទៀតថា តំបន់ឧស្សាហកម្មនេះ នឹងប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងតាំងពិព័រណ៍កសិផល ការប្រមូលទិញ ការកែច្នៃផ្លែឈើត្រូពិច បន្លែ ការធ្វើជំនួញកសិផលជាមួយដៃគូឈានមុខអន្តរជាតិ ព្រមទាំងជាកន្លែងអនុវត្តបច្ចេកទេសកសិកម្ម ការប្រមូលផ្តុំក្រុមផលិតពូជ និងការកែច្នៃជីសរីរាង្គ។ល។ និយាយជារួមគឺជាតំបន់ពហុប្រយោជន៍បម្រើឱ្យវិស័យកសិ-ឧស្សាហកម្មកម្ពុជា។ ប្រសិនបើតំបន់នេះដំណើរការល្អតាមផែនការដែលបានគ្រោងទុក នោះកម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិត ផលកសិផលកែច្នៃនេះ។
រដ្ឋមន្រ្តីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានសម្តែងការស្វាគមន៍រីករាយ និងគាំទ្រចំពោះឆន្ទ:វិនិយោគរយ:ពេលវែង លើវិស័យកសិកម្មកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវគោលនយោបាយយកចិត្តទុកដាក់ បង្កើនតម្លៃបន្ថែមលើការផលិត ការកែច្នៃកសិផលឱ្យបាន១២ភាគរយ នៅត្រឹមឆ្នាំ២០២៥។ លោកក៏បានបន្ថែមទៀតថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្រសួងកំពុងទន្ទឹងរង់ចាំ និងស្វាគមន៍ជានិច្ច រាល់គម្រោងវិនិយោគគ្រប់ខ្សែច្រវាក់ផលិតកម្មពី A-Z (ផលិត កែច្នៃ និងទីផ្សារ) ដែលមានលក្ខណ:បំពេញឱ្យដំណើរការកែច្នៃកសិផលបានគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្រ្តីបានបន្ថែមថា “ប្រសិនបើយើងបញ្ចូលបច្ចេកទេសសមស្របមួយឱ្យអ្នកផលិត រួមទាំងមានសួនកែច្នៃនេះទៀត យើងសង្ឃឹមថាផលិតផលស្វាយនឹងមានតម្លៃបន្ថែមខ្ពស់មួយ ហើយនេះគឺអ្វីដែលកសិករយើងរំពឹងទុក”។លោកបន្តថា “ក្រសួងនឹងផ្តល់កិច្ចសហការតាមគ្រប់រូបភាព ដើម្បីជួយសម្រួលគ្រប់បែបយ៉ាង ទាំងឯកសាររដ្ឋបាល ច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឱ្យគម្រោងសម្រេចទទួលបានជោគជ័យ ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់កសិផលកែច្នៃលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម ស្វាយ បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ”។
ក្រៅពីផលិតផលស្វាយ លោកក៏បានប្រាប់ឱ្យក្រុមហ៊ុនចាប់អារម្មណ៍ លើផលិតផលដំឡូងមី ម្រេច ស្វាយចន្ទី និងត្រីទឹកសាបផងដែរ ដែលសុទ្ធតែជាវត្ថុធាតុដើមមានសក្តានុពលសម្រាប់ធ្វើការកែច្នៃ និងនាំចេញ៕