ដោយ វុត្ថា
ភ្នំពេញៈ របាយការណ៍ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះបានបង្ហាញថា អ្នកប្រើប្រាស់ទូរស័ព្ទចល័តមានចំនួន ២០,៨លាននាក់ ដែលស្មើនឹង ១២០ភាគរយ ជាមួយនឹងអ្នកប្រើប្រាស់អ៊ិនធឺណិតចល័ត មានចំនួន ១៥,៦លាននាក់ ដែលស្មើនឹង ៩៦,១ភាគរយ។
បើតាមរបាយការណ៍ដដែលបន្តថា បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក គឺជាប្រព័ន្ធមួយដែលត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយជាងគេនៅកម្ពុជា ក្នុងចំណោមប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត ដែលមានអត្រាអ្នកប្រើប្រាស់រហូតដល់
៨,៨លាននាក់ ស្មើនឹង ៥៤,០២ភាគរយក្នុងខែសីហា ឆ្នាំ២០១៩។
លោកនាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសិក្ខាសាលាស្តីពី “សន្តិសុខក្នុងការប្រើប្រាស់បណ្តាញសង្គម (Social Media Security)” កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះឱ្យដឹងថា ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងកម្ពុជាបន្តកើនឡើងគួរឱ្យកត់សម្គាល់ បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាមធ្យោបាយទំនាក់ទំនងមួយសម្រាប់ប្រជាជនកម្ពុជា។
លោកបន្តថា “សព្វថ្ងៃនេះ ទាំងរាជរដ្ឋាភិបាលវិស័យឯកជន និងបុគ្គលសាធារណៈនានា បានប្រើ់ប្រាស់ហ្វេសប៊ុក ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួនដើម្បីផ្តល់ព័ត៌មានថ្មីៗ ក៏ដូចជាទទួលបាន មតិយោបល់ត្រល់បមកវិញផងដែរ”។
លោកបន្ថែមថា សហគ្រាសមីក្រូ ធុនតូចនិងមធ្យម បានប្រើប្រាស់ហ្វេសប៊ុកក្នុងការលក់ទំនិញ និងផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ ឬក៏ប្រើប្រាស់ដើម្បីធ្វើការបញ្ជូនព័ត៌មានអំពីការផ្ទេរលុយកាក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការដែលអ្នកប្រើប្រាស់ មិនបានស្វែងយល់អំពីមុខងាររបស់ហ្វេសប៊ុក ឱ្យបានលំអិតនោះទេ អ្នកប្រើប្រាស់នឹងអាចក្លាយខ្លួនទៅជាជនរងគ្រោះ ដោយការប្រើប្រាស់បច្ចេកវិទ្យាជាក់ជាមិនខាន។
លោកបញ្ជាក់ទៀតថា តួយ៉ាងជាឧទាហរណ៍កន្លងនេះ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន បានក្លាយខ្លួនទៅជាជនរងគ្រោះ ដោយសារចោរបច្ចេកវិទ្យាធ្វើការជ្រៀតចូលលួចកាន់កាប់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ហើយដែលមានខ្លះអាចធ្វើការស្រោចស្រង់មកវិញ និងមួយចំនួនទៀតគឺមិនអាចសង្គ្រោះមកវិញឡើយ។ ចោរបច្ចេកវិទ្យាអាចធ្វើការ ប្រើប្រាស់គណនីដែលលួចបាន ដើម្បីបន្លំបោកប្រាស់អ្នកដទៃក្នុងគោលបំណងទុច្ចរិតណាមួយដែលមិនអាចប៉ាន់ស្មានបាន។
លោកបន្ថែមទៀតថា ព័ត៌មានក្លែងក្លាយឬហៅថា Fake News គឺជាប្រធានបទមួយទៀត ដែលបាននឹងកំពុងវាយលុក នៅក្នុងហ្វេសប៊ុកនៅកម្ពុជាផងដែរ។ វាបានធ្វើឱ្យអ្នកប្រើប្រាស់ ពិបាកបែងចែកថាតើព័ត៌មានណាពិត ឬមិនពិត បើសិនជាមិនបានធ្វើការផ្ទៀងផ្ទាត់ប្រព័ន្ធឱ្យបានច្បាស់លាស់នោះទេ ហើយបន្ទាប់មកធ្វើការ ចែករំលែកបន្តព័ត៌មានទាំងនោះ៕