ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីបានចេញសេចក្ដីប្រកាសហាមមិនឱ្យជនបរទេសប្រកបអាជីវកម្មខ្នាតតូច និងមធ្យមចំនួន ១០ ប្រភេទកាលពីមួយខែមុន ពេលនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញសេចក្ដីប្រកាសសាជាថ្មីដោយលុបចោលការហាមប្រាមទាំងនោះ និងអនុញ្ញាតឱ្យជនបរទេសទាំងអស់មានសិទ្ធិប្រកបអាជីវកម្មគ្រប់ប្រភេទដែលស្របច្បាប់។
បន្ទាប់ពីចេញប្រកាសហាមមិនអនុញ្ញាតឱ្យជនបរទេសរកស៊ី ប្រកបអាជីវកម្មនៅកម្ពុជា ពេលនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងថ្មីមួយ អនុញ្ញាតឲ្យជនបរទេសទាំងអស់ អាចរកស៊ីនៅកម្ពុជាបានឡើងវិញ។
-->
សេចក្តីជូនដំណឹងបានចុះកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា យោងតម្រូវការកម្លាំងពលកម្មជំនាញ របស់ជនបរទេសក្នុងវិស័យសេវាកម្មផ្សេងៗ និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្តីប្រកាសមួយ ដោយធ្វើការហាមឃាត់សកម្មភាពរកស៊ីរបស់ជនបរទេសនូវមុខរបរ និងអាជីវកម្មចំនួន១០ប្រភេទ រួមមាន៖
១.អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់ អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
២.អ្នកលក់ដូរដោយមធ្យោបាយថ្មើជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ
៣.អ្នកម៉ាស្សាចាប់សរសៃតាមទីសាធារណៈ
៤.អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
ទី៥ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
ទី៦ អ្នកកាត់ដេរ
ទី៧ អ្នកប៉ះកង់ និងជាងជួសជុលយានយន្ត
ទី៨ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ បាត្រលោក ព្រះពុទ្ធរូប
និងទី១០ ជាងទង និងជាងច្នៃត្បូងពេជ្រ ៕


