ជប៉ុននឹងអភិវឌ្ឍទីក្រុងឆ្លាតដំណើរការដោយបច្ចេកវិទ្យា5G តម្លៃ ៤000លានដុល្លារនៅជិតទីក្រុងហាណូយ
ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្ម Sumitomo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនឹងអភិវឌ្ឍទីក្រុងរណបឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យា5G ដែលមានតម្លៃ ៤,២ ពាន់លានដុល្លារ ដែលនឹងស្ថិតនៅចន្លោះទីក្រុងហាណូយនិងអាកាសយានដ្ឋានអន្តរជាតិ។
ទីក្រុងឆ្លាតដែលមានទីតាំងនៅស្រុកដុងអាញ ភាគខាងជើងទីក្រុងហាណូយនឹងគ្របដណ្តប់លើផ្ទៃដី២៧២ហិកតា រួមមានអគារលំនៅដ្ឋានចំនួន ៧៣ហិកតា ដែលអាចផ្ទុកមនុស្សបានរហូតដល់ ២៥,០០០នាក់។ លំនៅដ្ឋាននឹងអាចរកទិញបាននៅឆ្នាំ ២០២២។
-->
គម្រោងទីក្រុង នឹងរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានទាំងអស់ ដើម្បីទទួលបានប្រជាជនរស់នៅ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Sumitomo ឱ្យដឹងថា “តំបន់គម្រោងនឹងរួមបញ្ចូលនូវមន្ទីរពេទ្យ សាលារៀន កន្លែងបង្ការគ្រោះមហន្តរាយ ប្រព័ន្ធសន្តិសុខ និងកន្លែងពាណិជ្ជកម្ម ក៏ដូចជាតំបន់បៃតងខៀវស្រងាត់ និងផ្លូវធំមួយជួរជាមួយដើមឈើផ្កាឆ័ររី”។
ការអភិវឌ្ឍនេះនឹងក្លាយជាគម្រោងមួយ ក្នុងចំណោមគម្រោងដំបូងបង្អស់នៅប្រទេសវៀតណាមដែលប្រើប្រាស់បច្ចេកវិទ្យា5G និងបច្ចេកវិទ្យាទីក្រុងឆ្លាតថ្មីនៅទូទាំងតំបន់នោះ។
ក្រុមហ៊ុន Sumitomo បានបន្ថែមថា “តាមរយៈការណែនាំប្រព័ន្ធ5G ប្រព័ន្ធស្គាល់មុខ និងបច្ចេកវិទ្យា blockchain តំបន់នេះ នឹងមានសេវាកម្មទីក្រុងឆ្លាតវៃទំនើប ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងហាណូយ”៕
អានបន្ថែម៖ ក្រុមហ៊ុនទូរគមនាគមន៍វៀតណាមគ្រោងនឹងសាកល្បងបច្ចេកវិទ្យា 5G នៅកម្ពុជាក្នុងខែកក្កដានេះ